(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា បទល្មើសឆ្នាំ២០១៩ បានកើនឡើងដោយសារតែ ការអុកឡុករបស់ក្រុមប្រឆាំង ដែលដឹកនាំដោយ ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ក្នុងនោះមានការប្រកាសវិលចូលប្រទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាជាដើម។

ការលើកឡើងរបស់ លោកនាយឧត្តមសេនីយ៍ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ពាក់ព័ន្ធនឹង វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលបានកើតឡើងនៅឆ្នាំ២០១៩ កន្លងមកនេះ គឺបូកសរុបជាមួយនឹងសភាពការណ៍បក្សប្រឆាំងក្រឡុកផង។ ឆ្នាំ២០១៩ កន្លងមកនេះ យើងឃើញថា ជនក្បត់ជាតិ សម រង្ស៉ី មានចេតនាដើម្បីវិលត្រឡប់មកស្រុកទេសរបស់យើងវិញ ហើយធ្វើយ៉ាងណាឱ្យស្រុកទេសយើងច្របូកច្របល់ ហើយឆ្លៀតឱកាសហ្នឹង ជនល្មើសភ្ជាប់ខ្លួននៅក្នុងហ្នឹង ដោយមិនត្រឹមតែប្រព្រឹត្តបទល្មើសទេ គឺមានធ្វើអ្វីផ្សេងទៀត»

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានផ្សព្វផ្សាយ ក្នុងសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ៣១៩៦ ករណីបើធៀបកាលពីឆ្នាំ២០១៨ មានចំនួន២៩៦៩ករណី។ បទល្មើសនេះកើនឡើង២២៨ លើក ដែលបានបណ្តាលឲ្យមនុស្សស្លាប់២១១នាក់ របួស ៨២៩នាក់ និងរងគ្រោះ១៤១២ នាក់ បាត់រថយន្ត ៥៥ គ្រឿង ម៉ូតូ៣៤១ គ្រឿង និងសម្ភារទ្រព្យសម្បត្តិមួយចំនួន។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួន សមាជិកអតីតគណបក្សប្រឆាំងចំនួន៧៣នាក់ ដែលបានធ្វើសកម្មភាពគាំទ្រដល់ ការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី មកកាន់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលជឿថា ជាផែនការបដិវត្តពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ មនុស្សទាំង៧៣នាក់ ក៏ត្រូវបានដោះលែងវិញ បន្ទាប់ពីផែនការលោក សម រង្ស៉ី បរាជ័យដោយលោក ពុំត្រឡប់មកកម្ពុជាតាមការប្រកាសនេះឡើយ។

លោក ខៀវ សុភ័គ បាននិយាយថា អ្នកដែលចាប់បានជាង៧០នាក់ គឺជាអ្នកដែលងុបងល់នឹង លោក សម រង្ស៉ី។

ទោះជាយ៉ាងនេះក្តី សម្រាប់ឆ្នាំ២០២០នេះ លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសង្កេតឃើញថា បទល្មើសចាប់ផ្តើមស្ងប់ស្ងាត់ទៅវិញ ជាពិសេសបទល្មើសធំ ហើយស្ថានភាពនៃបទល្មើស ក៏មាលក្ខណៈល្អប្រសើរផងដែរ៕

នាទី១៖១៩៖៣៣ ដល់១៖២១៖២០