(តាកែវ)៖ កម្លាំងសមត្ថកិច្ចខេត្តតតាកែវនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជូនយុវជនម្នាក់ទៅកាន់តុលាការ បន្ទាប់ពីបានបង្ហោះព័ត៌មានថា មានមនុស្សពីរនាក់បានកើតជំងឺ COVID-19 នៅផ្សារថ្នល់បត់ ឃុំត្រពាំងធំខាងជើង ស្រុកសំរោង ខេត្តតាកែវ។
ការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម ត្រូវបានសមត្ថកិច្ចចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
លោកឧត្តមសេនីយ៍ត្រី ឈុន សារ៉េត ស្នងការរងទទួលបន្ទុកផែនការងារសន្តិសុខ នៃស្នងការដ្ឋានខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ដោយមានការបញ្ជាពីលោកស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ, កងកម្លាំងនគរបាលផែនការងារសន្តិសុខ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញបានកោះហៅឈ្មោះ ជួង ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិដកពរ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ដើម្បីសាកសួរពាក់ព័ន្ធករណី ផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញជំងឺ COVID-19 ថា មានអ្នកជំងឺចំនួន ២នាក់ស្លាប់នៅផ្ទះគ្រូពេទ្យឯកជនឈ្មោះ តឹក ប៊ុនហូញ ស្ថិតក្នុងភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។
លោកស្នងការរង ឈុន សារ៉េត បានថ្លែងបន្តថា បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យរួចរាល់ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់អយ្យការអមសាលាដំបូង ចាត់ការទៅតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជា ទើបតែមានចំនួន ៥នាក់តែប៉ុណ្ណោះ ក្នុងនោះមាន៖
*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ម្សិលមិញ បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដើម្បីតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ក្នុងប្រទេសកម្ពុជា៕