(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ សមត្ថកិច្ចនគរបាលជាតិ បានបើកការស៊ើបអង្កេត បង្ក្រាបបទល្មើសសម្អាតប្រាក់ចំនួន៧៥ករណី ដោយបានបង្កសាច់ប្រាក់ដុល្លារសរុប៧,៧៨៦,១៧៩.៣៥ដុល្លារ។
នាយកឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ទៀតថា ប្រាក់ទាំងជាង៧លានដុល្លារដែលសមត្ថកិច្ចបង្ក្រាបបាននេះ កំពុងត្រូវបានរក្សាទុកយ៉ាងល្អ នៅធនាគារជាតិនៃកម្ពុជា ហើយកំពុងរង់ចាំតែសវនាការរបស់តុលាការពាក់ព័ន្ធបទល្មើសសម្អាតប្រាក់នេះ។
លោក ខៀវ សុភ័គ បានថ្លែងយ៉ាងដូច្នេះថា «សមត្ថកិច្ចមានភារកិច្ច ប្រមូលវត្ថុតាង រៀបចំឯកសារ សាក្សីនានាទៅតុលាការ ដោយឡែកជនល្មើសស្ថិតក្រោមការគ្រប់គ្រងរបស់យើង ប្រាក់ស្ថិតក្នុងការគ្រប់គ្រង់របស់ធនាគារជាតិនៃកម្ពុជា ហើយយើងរង់ចាំមើលសវនាការរបស់តុលាការ តើសម្រេចយ៉ាងដូចម្ដេច? ប្រសិនបើប្រាក់ទាំងអស់ជាប្រាក់ហិរញ្ញប្បទាន, ជាប្រាក់ខ្មៅ រឹបអូសជាទ្រព្យសម្បត្តិរបស់ជាតិ នោះនឹងក្លាយជាប្រាក់ស ទ្រព្យសម្បត្តិរបស់យើង និងមានចំនួនដូចជម្រាបក្នុងរបាយការណ៍ទាំងអស់ ដែលមានប្រមាណជាង៧លានដុល្លារ សហរដ្ឋអាមេរិក»។
ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។
នាយឧត្តមសេនីយ៍បានថ្លែងថា ក្រៅពីបង្កសាច់ប្រាក់ជាង៧លានដុល្លារហើយនោះ ក៏មានឃាត់ទុកផ្ទះ០៣កន្លែង ដីឡូតិ៍០១កន្លែង រថយន្ត៧២គ្រឿង និងម៉ូតូ២,៦៥៣គ្រឿងផងដែរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានបង្ហាញរបាយការណ៍មួយចំនួនផងដែរ ដែលសមត្ថកិច្ចអនុវត្តន៍បាននៅឆ្នាំ២០១៩ កន្លងមករួមមាន៖
* ប្រជាពលរដ្ឋមានការជឿជាក់ មកលើកម្លាំងមានសមត្ថកិច្ចក្នុងអត្រា៨៤.៣ភាគរយ និងទទួលអារម្មណ៍ថា មានសុវត្ថិភាពក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនក្នុងអត្រា៨១.១ភាគរយ។
* បានបើកការស៊ើបអង្កេត បង្ក្រាបបទល្មើសជូញដូរមនុស្ស និងអាជីវកម្មផ្លូវភេទបានចំនួន១៦៩/១៣៤ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន២២៩/២២៤នាក់ បញ្ជូនទៅសាលាដំបូងរាជធានីខេត្ត។
* កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស សមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបបាន៦០ករណី ឃាត់ខ្លួន១០នាក់ រួមទាំងវត្ថុតាងជាច្រើនតោន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
* ក្រសួងបានបង្កើតក្រុមការងារ ប្រចាំការផ្ដល់សេវាអត្ដសញ្ញាណកម្ម ( GDI eServices) និងប្រតិកម្មរហ័ស ហើយរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ បានចុះបញ្ជីស្ថិតិមានចំនួនសរុប១៥,៦៣៥,១៥៥នាក់ ស្មើ៣,៦១១,១៨៤គ្រួសារ។
* គិតមកដល់បច្ចុប្បន្ន ការបោះពុម្ពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំង៣ ជំហាន មានចំនួន១០,៥០០,០៩១សន្លឹក និងផ្ដល់ជូនរាជធានីខេត្តបាន១០,៤៦៨,១៧១សន្លឹក លើផែនការ ១១,០៣៤,១០២នាក់។
* ត្រឹមចុងឆ្នាំ២០១៩ ជនជាប់ឃុំសរុប៣៧,០០៧នាក់ ស្រី២,៥៨៤នាក់៕