(កំពត)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ នគរបាលខេត្តកំពត បានចុះទៅឃាត់ខ្លួនសិស្សសាលាម្នាក់ បន្ទាប់ពីបានចែកចាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការរាលដាលជំងឺរលាកសួត បង្កដោយមេរោគ Covid-19 ដែលធ្វើឲ្យមានអ្នកឆ្លងចំនួន ៣នាក់ និងអ្នកស្លាប់ចំនួន ៣នាក់ នៅក្នុងខេត្តនេះ។
បើយោងតាមការផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នាង យូម៉ី ហៅក្រៅ (ម៉ី) ភេទស្រី អាយុ ១៤ឆ្នាំ ដែលកាន់គណនីហ្វេសប៊ុកឈ្មោះ Mey Royal ជាសិស្សសាលាចិន ហួរ ឈីវ រស់នៅភូមិកោះគ្រឹស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមិនពិតតាម Messenger ថា មានសិស្សសាលា ហួរ ឈីវ ឆ្លងមេរោគ Covid-19 ចំនួន ០៣នាក់ និងមានមនុស្សស្លាប់ចំនួន ០៣នាក់ ស្ថិតនៅក្នុងខេត្តកំពត។
តាមរយៈការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាននិយាយ Messenger ជាសម្លេង និងចែកចាយព័ត៌មានមិនពិតនេះ នៅលើបណ្ដាញសង្គមពិតប្រាកដមែន។ ក្រោយពីសាកសួរចប់ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងសុំទោសជាសាធារណៈ ហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដើម្បីតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ក្នុងប្រទេសកម្ពុជា៕