(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចៀសឲ្យឆ្ងាយពាក្យ «កុំ» ចំនួន ៤យ៉ាងគឺ កុំពាក់ព័ន្ធ កុំធ្វើជាបង្អែក កុំបន្ធូបន្ថយ និងកុំអន្តរាគមន៍។
លោក ម៉ែន វិបុល ថ្លែងបែបនេះនៅក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងារ រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដែលមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធ សរុបប្រមាណ៤០០នាក់។
លោក ម៉ែន វិបុល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់ បំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ស្របតាមតួនាទី និងភារកិច្ចច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ធ្វើឲ្យរដ្ឋបាលខេត្ត ធានាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សារណៈល្អប្រសើរ ជាពិសេសសម្រេចបាន នូវសមិទ្ធផលនានាជាច្រើន បម្រើឲ្យសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានថ្លែងនូវការផ្ដាំផ្ញើ ដល់អង្គសន្និបាតនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
*១៖ បច្ចុប្បន្នភាព និងវិធានការរបស់ក្រសួងសុខាភិបាល ជុំវិញការបង្ការជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Covid-19។
*២៖ មន្ទីរ-អង្គភាព ត្រូវធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព ល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន ផ្តល់ផលច្រើនជាងមុន។
*៣៖ អាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈរៀបចំ កម្មវិធីសង្ក្រាន្តស្វាយរៀង ឆ្នាំ២០២០នេះ។
*៤៖ ត្រូវបន្តចូលរួមសហការ ថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម បង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបាននូវបទល្មើសនានា ដែលកើតឡើង។
*៥៖ ត្រូវបន្តការដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
* ៦៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពស្របតាមអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន គឺឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់។
*៧៖ ពង្រឹងកិច្ចការ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដោយធានានូវប្រសិទ្ធភាពការងារ ជូនប្រជាពលរដ្ឋ។
*៨៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងកិច្ចការងារបង្ការទប់ស្កាត់គ្រោះថ្នាក់ ដោយអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ក្នុងរដូវប្រាំងនេះ។
*៩៖ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែមានប្រសិទ្ធភាព ។
*១០៖ ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារ បន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
*១១៖ ត្រូវរួមគ្នាទប់ស្កាត់ការរំលោភបំពានដីរបស់រដ្ឋ ដែលមិនទាន់បានវាស់វែងត្រឹមត្រូវតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នៅក្នុងសន្និបាតនេះ ក៏មានបទអន្តរាគមន៍របស់មន្ទីរ-អង្គភាពមួយចំនួន បានលើកឡើងអំពីបញ្ហាប្រឈម និងវឌ្ឍនៈភាពការងាររបស់ខ្លួនផងដែរ៕