(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីជំនាញ នាព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ បានចុះពិនិត្យកិច្ចការអភិរក្ស និងការអភិវឌ្ឍនៅក្នុង និងក្រៅបរិវេណប្រាសាទអង្គរវត្ត។
ដំណើរចុះពិនិត្យនេះ លោក ហង់ ពៅ និងក្រុមអ្នកជំនាញបានអញ្ជើញទៅការដ្ឋានកំណាយស្រះខាងជើង ដើម្បីតាមដានការវិវឌ្ឍនៃការកាយកំណកដី ការរៀបចំហេដ្ឋារចនាសម្ពន្ធស្រះ និងផ្តល់អនុសាសន៍កែលម្អចំណុចខ្វះខាតផងដែរ។ បន្ទាប់ពីនោះ ក៏បានចុះពិនិត្យមើលប្រព័ន្ធបង្ហូរទឹកនិងសម្ភារ (ទុយោ) សម្រាប់ដាក់ពង្រាយតាមប្រឡាយតូចៗ ដើម្បីស្រោចស្រពស្មៅក្នុងបរិវេណអង្គរវត្ត។
លោកក៏បានដឹកនាំក្រុមការងារចុះពិនិត្យកិច្ចការអភិវឌ្ឍន៍ នៅខាងលិចនៃប្រាសាទអង្គរវត្ត ទាក់ទងនឹងការរៀបចំសណ្តាប់ធ្នាប់ជាប់ប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌ មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ការកាត់ក្រីមែកឈើ ការរៀបចំសួនស្មៅ ដើមឈើ និងពិនិត្យការដាក់លូនៅក្នុងប្រព័ន្ធរំដោះទឹកភ្លៀងថែមទៀត។
លោក ហង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាញគ្រប់ការដ្ឋាន ដែលបានបំពេញការងារបានល្អប្រសើរ និងសម្រេចផលគួរមោទនភាពក្នុងការរៀបចំបរិស្ថាន សណ្តាប់ធ្នាប់ និងផ្នែកបុរាណវិទ្យា ដើម្បីលើកតម្លៃនៃរមណីយដ្ឋានអង្គរ៕