(ភ្នំពេញ)៖ កម្ពុជា-អូស្ត្រាលីបានជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្តទៅមុខទៀត ដែលនេះជាការលើកឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលីប្រចាំកម្ពុជា និងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។
លោក អ៉ិត សំហេង បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងក្រសួងការងារនឹងត្រៀមសហការជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីជួយសម្រួលដល់បេសកកម្មការទូតរបស់លោកប្រកបដោយជោគជ័យ ក្នុងន័យឲ្យទំនាក់ទំនងកម្ពុជា និងអូស្ត្រាលីកាន់តែមានលក្ខណៈស៊ីជម្រៅ និងប្រសើរថែមទៀត។
លោក អ៉ិត សំហេង ក៏បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលមួយចំនួនដែលក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធនានា ក្នុងការរួមចំណែកយ៉ាងសកម្មលើការ អភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក សម្រេចបានជោគជ័យក្នុងការបង្កើតឱកាសការងារ និងធានាបាននូវសុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។
ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ជាពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីបានស្នើសុំទៅលោកអគ្គរដ្ឋទូតឲ្យជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សដល់មន្ត្រីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនកាន់តែច្រើនបន្ថែមទៀតផងដែរ។
ក្រោយបញ្ចប់ជំនួបនេះ លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ បានឱ្យដឹងថា ភាគីទាំងពីរបានរលឹកឡើងវិញនូវអ្វីជាទំនាក់ទំនងល្អ និងអនុស្សាវយីរ៍រវាងកម្ពុជា និងអូស្ត្រាលី អ្វីដែលអូស្រ្តាលីបានជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក។
ពាក់ព័ន្ធទៅនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះដែរ ភាគីអូស្ត្រាលីចង់ស្វែងយល់បន្ថែម ទៅលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យអាណាព្យាបាល ព្រមទាំងយុវជនមានការយល់ដឹង ងាកមកចូលរៀនផ្នែកជំនាញវិជ្ជាជីវៈនៅកម្ពុជាកាន់តែច្រើន ដើម្បីឆ្លងតបទៅនឹងតម្រូវទីផ្សាររីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។
លោកថា អូស្ត្រាលីសន្យាផ្តល់នូវអាហារូបករណ៍ដល់សិស្សនិស្សិត មន្ត្រីរាជការ បានបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ ទន្ទឹមនេះដែរ កម្ពុជា-អូស្ត្រាលី នឹងបង្កើនឱ្យមានកិច្ចសហប្រតិបត្តិការនៃការផ្លាស់ប្តូរសិស្ស និស្សិត សាស្ត្រាចារ្យក្នុងផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានច្រើនថែមទៀត ដើម្បីសិក្សាស្វែងយល់ពីគ្នា និងជួយគ្នាទៅវិញទៅមក»។
លោកអនុរដ្ឋលេខាធិការបន្តថា «អូស្ត្រាលីបានជួយកម្ពុជាលើក្រមសីលធ៌មទីភ្នាក់ងារជ្រើសរើសឯកជន ធ្វើយ៉ាងណាទប់ស្កាត់ការជួញដូរមនុស្ស ជាបញ្ហាធ្វើប៉ះពាល់សិទ្ធពលករទេសន្តប្រវេសន៍។ យើងនឹងបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតទៅលើសុវត្ថិភាព សន្តិសុខការងារ កន្លងមកនេះអូស្ត្រាលីបានធ្វើការជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយចំពោះសុវត្ថិភាពអគារ យើងចង់អូស្ត្រាលីជួយជាបច្ចេកទេសនូវសុវត្ថិភាព និងសន្តិសុខការងារនៅកន្លែងធ្វើការផងដែរ ក្នុងការទប់ស្កាត់នូវបញ្ហាសុវត្ថិភាពការងារនេះដែរ»។
ជាមួយគ្នានេះ អូស្ត្រាលីក៏ជាប្រទេសមួយជួយកម្ពុជា ពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស ដែលអូស្ត្រាលីជាប្រទេសនាំមុខគេក្នុងការលុបបំបាត់សារធាតុនេះ វាមានបញ្ហាប៉ះពាល់យ៉ាងខ្លាំងទៅដល់កម្មកររបស់យើងដែរ កាលណាយើងមិនបានទប់ស្កាត់ទេនោះ។ កម្ពុជាបានធ្វើការជាមួយអូស្ត្រាលី ដែលបានផ្តល់ទាំងថវិការ បច្ចេកទេសក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់សមត្ថភាពការយល់ដឹងពីសារធាតុអាសបេស្តុសសម្រាប់បង្ការទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព សំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុស។
លោកបន្តទៀតថា ចំពោះបញ្ហាផ្សេងៗទៀតនោះ ជារួមអូស្ត្រាលីនឹងបន្តការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត ក្នុងករណីកម្ពុជាត្រូវការឱ្យអូស្ត្រាលីជួយ៕