(ភ្នំពេញ)៖ ក្រោយពីវត្ថុធាតុដើម ដែលបម្រើឲ្យវិស័យកាត់ដេរស្បែកជើង ត្រូវបាននាំយកពីចិន មកដល់ខ្មែរហើយនោះ, សមាគមស្បែកជើង (CFA) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះវិធានការណ៍ជួយសម្រួល និងកាត់បន្ថយផលប៉ះពាល់ ដោយបញ្ហាខ្វះវត្ថុធាតុដើមនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។
CFA បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការមកដល់នៃវត្ថុធាតុដើម សម្រាប់បម្រើឲ្យវិស័យកាត់ដេរស្បែកជើង និងវិធានការសម្របសម្រួលពិសេស របស់រាជរដ្ឋាភិបាល ដោយបញ្ជាក់ថា ក្រោមកិច្ចអន្តរាគមន៍ពិសេស របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលចិន កាលពីវេលាម៉ោង ១១៖២៥នាទីយប់ នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ នាវាដឹកជញ្ជូនឈ្មោះ SITC FUJIAN បានដឹកវត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរស្បែកជើង មកដល់កំពងផែស្វយ័តក្រុងព្រះសីហនុជាបណ្ដើរៗហើយ។ រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខ្លួនរំពឹងថា មានកប៉ាល់ចំនួន១២គ្រឿង នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយនឹងវត្ថុធាតុដើមបន្ថែមទៀត។
តាមរយៈវិធានបន្ថែមប្រព្រឹត្តិកម្មច្រកបៃតង (Green Lane) របស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងឧស្សាហកម្ម និងសិប្បកម្មបានជួយសម្របសម្រួលនីតិវិធី និងបែបបទបញ្ចេញទំនិញភ្លាមៗពីកំពង់ផែ ឲ្យបានរហ័សបំផុត និងដឹកជញ្ជូនទៅកាន់រោងចក្រនៅតាមគោលដៅ។
លើសពីនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតជាពិសេសឲ្យរថយន្តកុងតែន័រទាំងនោះ អាចធ្វើចរាចរណ៍ចុលក្នុងរាជធានីភ្នំពេញបានទាំងពេលយប់ និងពេលថ្ងៃ និងបានចាត់វិធានការណ៍ឲ្យមានការសម្របសម្រួលចរាចណ៍ក្នុងករណីចាំបាច់នានា ដើម្បីធ្វើការដឹកជញ្ជូនសម្ភារៈវត្ថុធាតុដើមទាំងនោះ ទៅកាន់រោងចក្រដែលមានមូលដ្ឋាន នៅក្នុងរាជធានីភ្នំពេញឲ្យបានឆាប់រហ័ស។
ក្នុងករណីពិសេស រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមផ្ដល់ការអមដំណើរ ដល់រថយន្តកុងតែន័រទាំងនោះដើម្បីបញ្ជៀសការកកស្ទះ ឬការឃាត់ទុកដោយនគរបាលចរាចរណ៍ ដែលបានកំពុងសម្រួលសណ្ដាប់ធ្នាប់ ដោយមិនបានដឹងបានថាទំនិញទាំងនោះជាសម្ភាៈវត្ថុធាតុដើម សម្រាប់បម្រើឲ្យវិស័យរោងចក្រកាត់ដេរស្បែកជើង។
«សមាគមស្បែកជើងកម្ពុជា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការណ៍ទាន់ពេលវេលាដើម្បីជួយសម្រួល និងកាត់បន្ថយផល់ប៉ះពាល់ដោយបញ្ហាខ្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើមនេះ»។ CFA គូសបញ្ជាក់ក្នុងសេចក្តីជូនដំណឹង។
ឆ្លៀតឱកាសនេះ CFA បានអំពាវនាវរោងចក្រដែលជាសមាជិក ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឲ្យបានជ្រាបអំពីកិច្ចសម្របសម្រួលពិសេសនេះ និងសូមពិនិត្យទំនិញដែលបានមកដល់។ ក្នុងករណីជួបបញ្ហាហាមឃាត់មិនឲ្យចូលក្នុងរាជធានីភ្នំពេញ សូមធ្វើការទំនាក់ទំនង និងរាយការណ៍ភ្លាមៗទៅ
លោក ងួន ចាន់ណារ៉ា តាមទូរសព្ទលេខ ០៨៩ ៧៩ ៧៨ ៧៩ (សមាគមស្បែកជើងកម្ពុជា)៕