(សៀមរាប)៖ មន្ត្រីអាជ្ញាធរអប្សរា បានចេញមកច្រានចោលថា ការសម្រេចឃុំខ្លួនបណ្តោះអាសន្នទៅលើ លោក ហ៊ាង សារី ចៅសង្កាត់ អំពិល ក្រុងសៀមរាប មកពីគណបក្សសមរង្ស៊ី ដោយតុលាការខេត្តសៀមរាប មិនជាប់ពាក់ព័ន្ធរឿងនយោបាយឡើយ តែជារឿងសំណុំ រឿងព្រហ្មទណ្ឌពាក់ព័ន្ធការធ្វើ ឲ្យប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ។
មន្រ្តីអាជ្ញាធរអប្សរា ឆ្លើយប្រាប់អង្គភាពព័ត៌មាន Fresh News ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះនៅថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០ ១៦ថា លោក ហ៊ាង សារី ចៅសង្កាត់អំពិល ក្រុងសៀមរាប ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរបទល្មើស គឺផ្ដល់ឯកសារដោយទុច្ច រិត តាមមាត្រា ៦៣១ នៃក្រមព្រហ្មទណ្ឌ និង បទសមគំនិតដល់ការប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ តាមមាត្រា ២៩ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ២៥៩ តាមច្បាប់ភូមិបាល។
ការចាប់ និងឃុំខ្លួន លោក ហ៊ាង សារី ដែលជាចៅសង្កាត់មកពីគណបក្សសមរង្ស៊ី ត្រូវបានមន្រ្តីអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាបក្ស ប្រឆាំងផងដែរទាញភ្ជាប់ទៅនិងរឿងនយោបាយ។
ឆ្លើយតបការចោទប្រកាន់នេះ មន្រ្តីអាជ្ញាធរអប្សរា បានលើកបង្ហាញនូវទិដ្ឋភាពមួយចំនួនមកបញ្ជាក់ថា ការចាប់ខ្លួនមិនជាប់ពាក់ព័ន្ធរឿង នយោបាយឡើយ។ ខាងក្រោមនោះ ជាសក្ខីកម្មមួយចំនួន ដែលមន្រ្តីអាជ្ញាធរអប្សរាលើកមកបង្ហាញ។
១. មិនមែនមានតែឈ្មោះ ហ៊ាង សារី ដែលមកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវចាប់ខ្លួននោះ ប៉ុន្តែមានមេភូមិម្នាក់ទៀត ឈ្មោះ ប៉ាត កឹក មកពីគណបក្សប្រជាជន ក៏ត្រូវបានសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ក្នុងករណីតែមួយដូចគ្នា។ មូលហេតុដែលឈ្មោះ ប៉ាត កឹក មិនទាន់បានឃុំខ្លួនជាបណ្តោះអាសន្នដូចឈ្មោះ ហ៊ាង សារី ក៏ព្រោះតែមេភូមិរូបនេះ បានបញ្ឍប់ការពឹងពាក់ មេធាវីបច្ចុប្បន្នរបស់ ខ្លួន ហើយបានស្នើសុំពន្យារពេលការចូលខ្លួនទៅសាលាដំបូងខេត្តសៀមរាប ទៅថ្ងៃក្រោយ ហើយសុំពេលស្វែងរកមេធាវីការពារសិទ្ធិ របស់ខ្លួនជាថ្មី។ ដូច្នេះការឃុំខ្លួនបណ្តោះអាសន្នរបស់ឈ្មោះ ហ៊ាង សារី និងការពន្យារពេលចូលខ្ឡួនរបស់ឈ្មោះ ប៉ាត កឹក ជាការប្រើ ប្រាស់ឆន្ទានុសិទ្ធិ និង នីតិវិធីតុលាការសុទ្ធសាធ មិនពាក់ព័ន្ធនឹងនយោបាយឡើយ។
២. ក្នុងអំឡុងពេលឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ឈ្មោះ ហ៊ាង សារី ក្នុងឋានៈជាចៅសង្កាត់អំពិល និង ឈ្មោះ ប៉ាត កឹក ក្នុងឋានៈជាមេ ភូមិព្រៃគុយ បានចុះហត្ថលេខា និងប្រថាប់ត្រាបញ្ជាក់លើលិខិតទិញលក់ដី ផ្ទេរសិទ្ធិកាន់កាប់ដី និងចេញលិខិតអនុញ្ញាតឲ្យមានការ សាងសង់ ក្នុងបុរីវប្បធ៌ម និងទេសចរណ៍។ ទង្វើនេះផ្ទុយខ្លឹមសារមាត្រា២ នៃអនុក្រឹត្យលេខ៧៩ អនក្របក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ ១៩៩៥ និងម្យ៉ាងទៀត ក៏ផ្ទុយនឹងការណែនាំរបស់សាលាក្រុងសៀមរាប ដែលធ្លាប់ចេញលិខិតណែនាំឲ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទាំង អស់ឈប់ចេញលិខិតបញ្ជាក់ទិញលក់ដី ឬផ្ទេរសិទ្ធិកាន់កាប់ដីនៅក្នុងតំបន់គ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា។
៣. ការចុះហត្ថលេខា និង ប្រថាប់ត្រាបញ្ជាក់លើលិខិតទិញលក់ដី ផ្ទេរសិទ្ធិកាន់កាប់ដី និង ចេញលិខិតអនុញ្ញាតឲ្យមានការសាងសង់ ក្នុងបុរីវប្បធម៌ និង ទេសចរណ៍ ដោយឈ្មោះ ហ៊ាង សារី ក្នុងឋានៈជាចៅសង្កាត់អំពិល និង ឈ្មោះ ប៉ាត កឹក ក្នុងឋានៈជាមេភូមិព្រៃគុយ បានបង្កើតភាពវឹកវរនិងគ្មានសណ្តាប់ធ្នាប់អំពីការកាន់កាប់ដីធ្លីអាណាធិបតេយ្យក្នុងបុរីវប្បធ៌ម និងទេសចរណ៍ ដែលអាជ្ញាធរអប្សរាបាន ដោះស្រាយគោលនយោបាយរួចរាល់ជាមួយប្រជាពលរដ្ឋម្ចាស់ដីដើម។
៤. ការចុះហត្ថលេខា និងប្រថាប់ត្រាបញ្ជាក់លើលិខិតទិញលក់ដី ផ្ទេរសិទ្ធិកាន់កាប់ដី និងចេញលិខិតអនុញ្ញាតឲ្យមានការសាងសង់ក្នុង បុរីវប្បធ៌មនិងទេសចរណ៍ ដោយឈ្មោះ ហ៊ាង សារី ក្នុងឋានៈជាចៅសង្កាត់អំពិល និង ឈ្មោះ ប៉ាត កឹក ក្នុងឋានៈជាមេភូមិព្រៃគុយ គឺ ហួសពីដែន សមត្ថកិច្ចភូមិសាស្រ្តរដ្ឋបាលសង្កាត់អំពិល ដោយរំលោភទៅលើភូមិសាស្រ្តរដ្ឋបាលភូមិអញ្ចាញ សង្កាត់ នរគធំ ស្រុក សៀមរាបទៅវិញ បើយោងតាមផែនទីភូមិសាស្ត្រចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០០៦ របស់សាលាក្រុងសៀមរាប និងផែនទីរដ្ឋបាល ក្រុង សៀមរាប ខេត្តសៀមរាប ឆ្នាំ២០១៥ របស់នាយកដ្ឋានភូមិសាស្ត្រនៃអគ្គនាយកដ្ឋានសុរិយោដី៕