(បាត់ដំបង)៖ ក្រសួងទេសចរណ៍ បានជំរុញដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ នៅខេត្តបាត់ដំបង ត្រូវប្រែងប្រែងពង្រឹងគុណភាពឧស្សាហកម្ម សេវាកម្មទេសចរណ៍របស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងឱកាសពិធីបុណ្យទន្លេលើកទី៦ផងដែរ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅខេត្តនេះមានប្រមាណ ៤៣៨កន្លែង (គ្រប់ផ្នែក)។
ដើម្បីជំរុញការងារនេះឱ្យមានប្រសិទ្ធភាព ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ អបអរពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» អមជាមួយពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ដែលមានស្នាដៃល្អក្នុងវិស័យទេសចរណ៍ នៅសាលសន្និសីទសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
នាឱកាសនោះ លោក តុប សុភ័ក បានលើកឡើងថា ព្រឹត្តិការណ៍ពិធីបុណ្យទន្លេនេះក៏ជាឱកាសមួយ ដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River Cruise) សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្រមខណ្ឌតំបន់នានា ដូចជា ក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-គង្គា និងមេគង្គ-ឡានឆាងជាដើម។
ក្នុងន័យនេះ ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍តាមដងទន្លេទាមទារចាំបាច់ឱ្យមានការអភិវឌ្ឍទីក្រុងស្អាត ទីក្រុងបៃតង និងគោលដៅទេសចរណ៍ស្អាត និងបៃតង ដែលជាគំរូអភិវឌ្ឍន៍គិតគូរដល់ការអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌ ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព ពោលគឺអភិវឌ្ឍ ដើម្បីអភិរក្ស, អភិរក្ស ដើម្បីអភិវឌ្ឍ ដោយត្រូវធានាឱ្យបាននូវនិរន្តរភាព និងតុល្យភាពខាងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
លោក តុប សុភ័ក បានប្រកាសជំរុញដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់នៅខេត្តបាត់ដំបង ត្រូវប្រែងប្រែងពង្រឹងគុណភាពឧស្សាហកម្ម សេវាកម្មទេសចរណ៍របស់ខ្លួន ពង្រឹងភាពទាក់ទាញ បដិសណ្ឋារកិច្ច រួសរាយរាក់ទាក់នៅពេលទទួលភ្ញៀវ និងត្រូវមានតម្លៃសមរម្យ ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងឱកាសពិធីបុណ្យទន្លេលើកទី៦ផងដែរ។
លោកអនុរដ្ឋលេខាធិការបានបន្ថែមថា ទាក់ទងនឹងទស្សនទានបៃតង និងភាពស្អាត រាជរដ្ឋាភិបាលបានដាក់ចេញនូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត ប្រកបដោយភាពស្អាត និងបៃតង ដូច្នេះមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយក៏ត្រូវចូលរួមក្នុងចលនានេះផងដែរ។
ជាមួយគ្នានោះ បញ្ហាប្រឈមដែលកើតចេញពីវិស័យទេសចរណ៍ក៏តែងកើតមានជាបន្តបន្ទាប់ ស្របពេលដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរ ទាំងមូលដ្ឋានសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលស្តែងឡើងតាមរយៈការប្រែប្រួលជាច្រើន ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលលោក បញ្ហាគ្រោះធម្មជាតិកើនឡើងជាបន្តបន្ទាប់មានជាអាទិ៍ ការកើនឡើងកម្ដៅភពផែនដី ការប្រែប្រួលអាកាសធាតុ បញ្ហាជំងឺឆ្លងជាពិសេសការរីករាលដាលជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបណ្តាលមកពីមេរោគ Covid-19 ជាដើម។
លោកអនុរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតាមដានពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន ពិសេសប្រសិនបើឃើញ ឬដឹងថាពលរដ្ឋណាម្នាក់មានអាការក្ដៅខ្លួន ឬគ្រុនក្ដៅ ឬផ្ដាសាយជាដើមនោះ ត្រូវរាយការណ៍ទៅកាន់មណ្ឌលសុខភាពនៅតាមឃុំ-សង្កាត់ភ្លាមៗ ដើម្បីការពារភូមិដ្ឋានពីជំងឺ Covid-19 និងជំងឺដង្កាត់ផ្សេងទៀត។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាកុំឱ្យមានការភ័យខ្លាចហួសហេតុពេក ថ្វីដ្បិតជំងឺ Covid-19 ជាជំងឺឆ្លង ប៉ុន្តែវាក៏អាចព្យាបាលឱ្យជាសះស្បើយវិញបានដែរ។ ទោះយ៉ាងណា ដើម្បីការពារខ្លួនពីជំងឺដង្កាត់នានាទុកជាមុន ក៏ត្រូវថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ និងត្រូវលាងដៃនឹងសាប៊ូ ហើយនៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះនឹងកន្សែង ឬក្រមាខ្មែរ ដើម្បីការពារកុំឱ្យឆ្លងទៅដល់អ្នកដទៃផងដែរ។
នាឱកាសនេះ លោក តុប សុភ័ក បានប្រគល់បណ្ណសរសើរដល់ប្រតិបត្តិករទេសចរណ៍ដែលមានស្នាដៃល្អដែលបានផ្តល់សេវាកម្មល្អក្នុងវិស័យទេសចរណ៍ ក្នុងនោះ រួមមាន៖
* ខេត្តបាត់ដំបង មានចំនួន ៤០ទីតាំង (សណ្ឋាគារចំនួន ១៣ អាហារដ្ឋាន-ភោជនីយដ្ឋានចំនួន ២០ ផ្ទះភ្ញៀវចំនួន ៤ មណ្ឌលកម្សាន្តចំនួន ២ និងរមណីយដ្ឋានចំនួន ១)។
* ខេត្តកំពង់ឆ្នាំង មានចំនួន ១០ទីតាំង (សណ្ឋាគារចំនួន ២ ផ្ទះភ្ញៀវចំនួន ៥ អាហារដ្ឋានចំនួន ១ អាងហែលទឹកចំនួន ១ និងកាណូតទេសចរណ៍ចំនួន ១)។
* ខេត្តពោធិ៍សាត់ មានចំនួន ១២ទីតាំង (សណ្ឋាគារចំនួន ៦ និងភោជនីយដ្ឋានចំនួន ៦)។
* ខេត្តបន្ទាយមានជ័យ មានចំនួន ៣២ទីតាំង (សណ្ឋាគារចំនួន ៨ ផ្ទះភ្ញៀវចំនួន ៦ អាហារដ្ឋាន-ភោជនីយដ្ឋានចំនួន ៦ ខារ៉ាអូខេចំនួន ៤ ម៉ាស្យាចំនួន ៣ រមណីយដ្ឋានចំនួន ១ សហគមន៍ទេសចរណ៍ចំនួន ១ ចំណតរថយន្តទេសចរណ៍ចំនួន ១ និងទីភ្នាក់ងារទេសចរណ៍ចំនួន ២)។
* ខេត្តប៉ៃលិន មានចំនួន ១៧ទីតាំង (សណ្ឋាគារចំនួន ៤ រីស៊ត(បឹងហ្គាឡូ)ចំនួន ២ ផ្ទះភ្ញៀវចំនួន ១ អាហារដ្ឋានចំនួន ៩ កីឡាទេសចរណ៍ស្គីចំនួន ១)៕