(កំពង់ចាម)៖ ក្រុមភ្ញៀវទេសចរ និងអ្នកបម្រើការងារនៅលើនាវា Viking Cruise Journey ដែលនៅសល់នឹងត្រូវបញ្ជូនចេញពីនាវា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីឲ្យមកស្នាក់នៅ ក្នុងសណ្ឋាគារមួយនៅមាត់ទន្លេ ដើម្បីតាមដាន និងទុកដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ បើទោះបីលទ្ធផលតេស្តរបស់ពួកគេអវិជ្ជមាន COVID-19 ក៏ដោយនោះ។

ការសម្រចវិធានការបែបនេះ ក្រោយពេលដែលជនជាតិអង់គ្លេសចំនួន ៣នាក់ នៅលើនាវាមួយនេះ ត្រូវបានរកឃើញថា បានឆ្លង COVID-19។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះថា នៅពេលនេះក្រុមការងារ បាននិងកំពុងរៀបចំនៅ ក្នុងសណ្ឋាគារមួយ ដោយដូរសម្តារទាំងអស់ទាំងម៉ាស៊ីនត្រជាក់ ទូរទស្សន៍ គ្រែ ពូក ខ្នើយ... ថ្មីទាំងអស់ ដើម្បីរៀបកន្លែងបញ្ជូនក្រុមភ្ញៀវ និងអ្នកបម្រើការងារនៅលើនាវាទាំង ៥៧នាក់ មកស្នាក់នៅជាបណ្តោះអាសន្ន ដើម្បីតាមដានស្ថានភាពជំងឺរបស់ពួកគេបន្តទៀត បើទោះក្រោយការធ្វើតេស្ត បង្ហាញថាអវិជ្ជមានលើ COVID-19 ក៏ដោយនោះ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «នៅរសៀលថ្ងៃនេះ យើងនឹងរៀបចំរួចរាល់ ហើយនឹងបញ្ជូនពួកគេមកស្នាក់នៅ ដើម្បីតាមដានសុខភាពបន្តទៀត ក្នុងរយៈកំណត់មួយ»

សូមបញ្ជាក់ថា នៅវេលាថ្ងៃត្រង់នេះ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានជាបន្ទាន់ថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកដំណើរលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានផ្ទុកជំងឺ Covid-19 ចំនួន ២នាក់ទៀត ជាបុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ (ស្វាមី) និងស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត វ័យ៦៩ឆ្នាំ (ភរិយា)។

ការរកឃើញមេរោគកូវីដ១៩ លើខ្លួនជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានយកសំណាករបស់មនុស្ស៥៩នាក់ នៅលើនាវា Viking Cruise Journey ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ អ្នកឆ្លងថ្មីនេះ គឺបុរសជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងប្រពន្ធរបស់គាត់ជាជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជាសរុបអ្នកដំណើរតាមនាវាជាជនជាតិអង់គ្លេស វិជ្ជមានវិរុសកូវីដ១៩ គឺមានចំនួន ៣នាក់ ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវាទាំងអស់សរុបចំនួន ៦៤នាក់។

សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់ ៥នាក់ក្នុងនោះមាន៖

*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕