(ភ្នំពេញ)៖ សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការរាលដាល នៃជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Covid-19 ។ នេះបើយោងតាមដីកា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
ដីការបស់លោក មុយ សុភ័ក្រ្ត ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ភុត ថុនា ហៅ ឡន លី ទៅពន្ធនាគារខេត្តសៀមរាប ដោយអនុវត្តន៍ត្រឹមត្រូវតាមនីតិវិធី។
ជនត្រូវចោទមានឈ្មោះថា ភុត ថុនា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់កង់បី ទីកន្លែងកំណើតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយទីលំនៅមុនពេលឃាត់ខ្លួន នៅភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប។ បុរសរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «ក្លែងព័ត៌មាន» ប្រព្រឹត្តនៅលើបណ្តាញសង្គម Facebook ស្ថិតនៅក្រុងសៀមរាប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងតាមបញ្ញត្តិមាត្រា ៤២៥។
សូមបញ្ជាក់ថា ដោយមានការអនុញ្ញតពីលោកស្នងការនគរបាលខេត្តសៀមរាប និងសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប, កងកម្លាំងនគរបាល ផែនការងារសន្តិសុខ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសហការណ៍ជាមួយអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលសង្កាត់ស្លរក្រាម បានចុះទៅធ្វើការនាំខ្លួនម្ចាស់គណនីហ្វេសប៊ុក «ឡន លី គ្រួសាររីករាយ» ឈ្មោះ ភុត ថុនា ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម ទាក់ទងនឹងបញ្ហារាលដាល Covid-19។
ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនត្រូវចោទត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ លោកបានឲ្យដឹបន្ថែមថា ក្រោយការសាកសួរ សាម៉ីខ្លួនបានសារភាពចំពោះមុខសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តន៍នីតិវិធីបន្ត៕