(ភ្នំពេញ)៖ ប្រតិបត្តិការថ្ងៃទី៣ សមត្ថកិច្ចត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹង នៅទូទាំងរាជធានីភ្នំពេញ រកឃើញមានជាតិស្រវឹងលើអ្នកបើករថយន្ត ២៤នាក់ អ្នកជិះម៉ូតូ ១១នាក់។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
របាយការណ៍ដដែល បានបង្ហាញថា ក្នុងចំណោមអ្នកដែលមានជាតិស្រវឹងទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក។
គួរជម្រាបថា ប្រតិបត្តិការត្រួតពិនិត្យ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង នៅពាក់កណ្ដាលអាធា្រត្រថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ប្រតិបត្តិការយប់មិញ ធ្វើនៅខណ្ឌ៧មករា, សែនសុខ, ដូនពេញ, ដង្កោ, ចំការមន, ជ្រោយចង្វា និងខណ្ឌកំបូល។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ធ្លាប់បានបញ្ជាក់ថា វិធានការនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដែលជាបច្ច័យមួយនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍ បានបង្កឲ្យមានការព្រួយបារម្ភខ្លាំង ព្រោះថា អត្រាគ្រោះថ្នាក់មានកំណើនខ្ពស់។ នៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានកើតមាន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ ជាង៤ពាន់ករណីនេះ បណ្តាលមកពីការបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង ប្រមាណ៥ភាគរយ។
យោងតាមមាត្រា៧៧ថ្មី នៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរយានយន្តពេលខ្លួន ស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យជាប្រាក់២០ម៉ឺនរៀល សម្រាប់អ្នកបើកបរម៉ូតូ ម៉ូតូកង់បី ឬម៉ូតូសណ្តោងរ៉ឺម៉ក, ៤០ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ៨០ម៉ឺនរៀល សម្រាប់យានយន្តធុនធ្ងន់។
ដោយឡែកជនបើកក្រោមឥទ្ធិពលជាតិស្រវឹង ហើយធ្លាប់ទទួលរងការពិន័យម្តងរួចមកហើយ តែនៅតែបន្តប្រព្រឹត្តខុស ក្នុងកំលុងពេល៦ខែ រាប់ពីការពិន័យលើកមុននោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី៨០ម៉ឺនរៀល ទៅ៤លានរៀល៕