(ពោធិ៍សាត់)៖ ផ្ទះប្រជាពលរដ្ឋសង់បណ្តែតនៅលើទឹក ត្រូវបានអគ្គិភ័យលេបត្របាក់ ស្ទើរទាំងស្រុង តែមិនបណ្តាលឱ្យរងរបួស ដល់អាយុជីវិតមនុស្សឡើយ ហេតុត្រូវបានគេដាក់ការសន្និដ្ឋានថា មកពីផ្ទុះកំប៉ុងហ្គាស។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖៤១នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេលឺសម្លេងផ្ទុះកំប៉ុងហ្គាស «ឌាំងៗ» ភ្លាមនោះគឺឃើញមានអន្តាតភ្លើងឆាបឆេះ រោងជាងម៉ាស៊ីន ដែលមានម្ចាស់ឈ្មោះ វៀង យ៉ាំងតូក ភេទប្រុស អាយុ៣០ឆ្នាំ (ពោះម៉ាយ) មានកូនស្រីម្នាក់ បច្ចុប្បន្នរស់នៅលើផ្ទះបណ្តែត នៅភូមិឃុំខាងលើ។
ប្រភពបន្តថា ផ្ទះដែលត្រូវភ្លើងឆេះស្ទើរទាំងស្រុងនោះ សង់បណ្តែតនៅលើទឹក ជញ្ជាំងក្តារ សសរជ្រុង ប្រក់ស័ង្កសី មានទំហំ៨ម៉ែត្រ គុណ ៥ម៉ែត្រ ខូចខាងសម្ភារៈប្រហែល៨០ភាគរយ។ ដោយមានការអន្តរាគមន៍ពីប្រជាពលរដ្ឋនៅជិតខាងនោះ អគ្គីភ័យត្រូវបានរលត់ទាំងស្រុង នាវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃខែឆ្នាំដដែល តែមិនបណ្តាលឱ្យរងរបួសអាយុជីវិតមនុស្សឡើយ៕