(កំពត)៖ ចៅក្រមសើបសួរនៃសាលាដំបូងខេត្តកំពត លោក អ៊ី ឃាង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ដែង សុវណ្ណាវុធ អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការ វិនិយោគសាលាខេត្តកំពត ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសពុករលួយ ក្រោយជនត្រូវចោទរូបនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្រ្តីសាលាខេត្តកំពតរូបនេះ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដោយជាប់ពាក់ពន្ធ័រឿងអំពើពុករលួយ។

មន្រ្តីដែល ACU ឃាត់ខ្លួនខាងលើមានឈ្មោះ ដែង សុវណ្ណាវុធ ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខងារជាអនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត។

លោក ដែង សុវណ្ណាវុធ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទវិតិក្រមតាមមាត្រា៥៩២, ៥៩៣ នៃក្រមព្រហ្មទណ្ឌ ដែលបានបញ្ញត្តិនៅក្នុងមាត្រា៣២ នៃច្បាប់ស្តីការប្រឆាំងអំពើពុករលួយ និងបទសំអាតប្រាក់តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភរវកម្ម ប្រព្រឹត្តនៅខេត្តកំពត កាលពីកំឡុងឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

សូមបញ្ជាក់ថា លោក ដែង សុវណ្ណាវុធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ខណៈដែលមន្រ្តីរូបនេះ បានទទួលការណាត់ចូលផឹកស៊ីនៅក្នុង អាហារដ្ឋានមួយកន្លែងយីហោ «វាសនា សប្បាយ សប្បាយ» ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត៕