(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងការបើកធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ។
គួរជម្រាបថា ប្រតិបត្តិការសមយុទ្ធនាគមាស លើកទី៤ ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរ ជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត និងមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗ លើប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» សមយុទ្ធនេះ ត្រូវបានគណៈកម្មាធិការរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ ប្រទេសទាំងពីរ ចាប់ពីក្នុងអំឡុងថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដែលមានរយៈពេល ១៩ថ្ងៃ ទើបបញ្ចប់ ដែលសមយុទ្ធនេះ កងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ជូនកម្លាំង ចូលរួមចំនួន ២,៧៤៦នាក់ ក្នុងនោះមានកម្លាំងចាត់ចែងទូទៅចំនួន ២៧នាក់ កម្លាំងធ្វើសមយុទ្ធចំនួន ៤៦៣នាក់ និងក្រៅពីនោះជាកម្លាំងសម្រាប់ពិធីបើក និងបិទសមយុទ្ធ។
កងទ័ពរំដោះប្រជាជនចិន មានកម្លាំងចូលរួមចំនួន ២៦៥នាក់ រួមនឹងយុទ្ធោបករណ៍ និងបរិក្ខារយោធា ដែលរួមមានយន្តហោះប្រភេទឧត្ថម្ភាកចក្រកងទ័ពជើងអាកាស MI ១៧ ប្រភេទហ្ស៊ែត ណាញ (Z9) រថពាសដែកប៉េអឹមប៉េ១, រថក្រោះតេ ៥៥, កាំភ្លើងធំធន់ធ្ងន់ប្រភេទអូសសណ្តោង, កាំភ្លើងត្បាល់ ១២០មីលីម៉ែត្រ, ៨២មីលីម៉ែត្រ, ៦០មីលីម៉ែត្រ រួមនឹងសព្វាវុធធុនស្រាល មួយចំនួនធំថែមទៀត។
នេះជាលើកទី៤ ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕