Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បន្តចុះអង្កេតទំនិញ នៅផ្សារវាលរេញ ផ្សារកំពង់សិលា និងតូបលក់ដូរផ្លូវបំបែកស្រែអំបិល តាមផ្លូវជាតិលេខ៤

12-03-2020 12:00

(ព្រះសីហនុ)៖ ដោយមានការណែនាំរបស់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ឲ្យសាខាកាំកុងត្រូលនៅគ្រប់សាខាទូទាំងប្រទេស បន្តយុទ្ធនាការ ចុះពង្រឹងការត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ជូនដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានលោក ប៊ុន ចំរើន ជាប្រធានសាខាស្តីទី បានសហការពី អាជ្ញាធរដែនដី បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ទំនិញវេចខ្ចប់ស្រាប់ នៅផ្សារវាលរេញផ្សារកំពង់សិលា និងតូបលក់ទំនិញនៅផ្លូវបំបែកស្រែអំបិល ក្នុងខេត្តព្រះសីហនុ។

មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ ខ្ញីហាន់ និងសណ្តែកបណ្តុះ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ នៅលើគ្រឿងសមុទ្រ និងពុំមានការដាក់តាំងលក់ ទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់នោះទេ។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផល ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕