(ភ្នំពេញ)៖ អ្នកបើកម៉ូតូឡាំប្រឺតា១គ្រឿងស៊ីឈ្នួលដឹកឈើធ្វើផ្ទះចេញពីដេប៉ូបានប្រាក់ត្រឹមតែ១០ដុល្លារ ប៉ុន្តែដោយបើកបរបញ្ច្រាស់ទិសមិនប្រយ័ត្ន បានប៉ះទង្គិចរថយន្ដអេះស្កាឡែត ដែលចតទុកស្របនៅចិញ្ចើម ផ្លូវរងការខូចខាតបាក់បែកកញ្ចក់មើលក្រោយមួយចំហៀងខាងឆ្វេង និងប្រេះផ្ទាំងកញ្ចក់មុខត្រូវបានម្ចាស់រថយន្ដឃាត់ខ្លួនទារសំណងចំនួន៤០០$ ដើម្បីបញ្ចប់រឿង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១០និង១៥ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៦ ដែលមានទីតាំងស្ថិតនៅខាងមុខរោងចក្រកាត់ដេរសំលៀកបំពាក់ ខេមបូ យូនីក ហ្គាមិន តាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អ្នកបើកម៉ូតូ ឈ្មោះ ម៉ន រុំ អាយុ៣១ឆ្នាំ ស្នាក់នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ បើកបរម៉ូតូឡាំប្រឺតាពណ៌លឿងគ្មានស្លាកលេខ។
ចំណែកម្ចាស់រថយន្តវិញ មិនបានបញ្ជាក់ពីអត្តសញ្ញាណនោះទេ ដោយចតរថយន្ដចោលស្របចិញ្ចើមផ្លូវរយន្ដម៉ាកអេះស្កាឡែតពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2C-0577។
បើតាមការរៀបរាប់ឲ្យដឹងពីរតៃកុងឡាំប្រឺតាបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានទៅទិញឈើ នៅដេប៉ូមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៦A ដើម្បីយកទៅឲ្យគេធ្វើផ្ទះនៅកោះដាច់ ដោយបើកបញ្ច្រាស់ទិសមិនសូវលឿនបានប៉ះកញ្ចក់រថយន្ដអេះស្កាឡែត ដែលចតទុកនៅចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច ។
ភ្លាមនោះម្ចាស់រថយន្ដបានឃាត់ម្ចាស់ឡាំប្រឺតាដោយសុំឲ្យម្ចាស់ឡាំប្រឺតាជួយជួសជុលធ្វើសងដើម្បីបញ្ចប់រឿង។ ក្រោយកើតហេតុតៃកុងឡាំប្រឺតា បានសុំទោសម្ចាស់រថយន្ដព្រមទាំងយល់ព្រមចេញសងថ្លៃជួសជុលរថយន្ដដោយអស់ទឹកប្រាក់ចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្ដងទៅ៕