(សៀមរាប)៖ ដោយមានការអនុញ្ញតពីលោកស្នងការនគរបាលខេត្ត និងសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប, កងកម្លាំងនគរបាល ផែនការងារសន្តិសុខ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសហការណ៍ អធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាល សង្កាត់ស្លរក្រាមចុះទៅធ្វើការនាំខ្លួនម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដែលមានទីលំនៅបច្ចុប្បន្ន សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមមកសាកសួរ។
ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ដោយមានការអនុញ្ញតពីលោកស្នងការនគរបាលខេត្ត និងសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប កងកម្លាំងនគរបាលផែនការងារសន្តិសុខ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសហការណ៍អធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលសង្កាត់ស្លរក្រាម ចុះទៅធ្វើការនាំខ្លួនម្ចាស់គណនីហ្វេសប៊ុគ «ឡន លី គ្រួសាររីករាយ» ឈ្មោះ ភុត ថុនា ភេទប្រុសអាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម កាលពីថ្ងៃទី៥ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០កន្លងទៅដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមមកសាកសួរ។
លោកបានបញ្ជាក់ថា៖ ក្រោយការសាកសួរសាមីខ្លួនបានសារភាព ចំពោះមុខសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់៕