(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) រក្សាទុកកញ្ចប់ថវិកាពិសេស៨០លានដុល្លារ សំរាប់ទិញស្រូវនារដូវប្រមូលផលខាងមុខ។
ការស្នើនេះធ្វើឡើង នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិភាក្សាការងារ រវាងធនាគារអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយឧកញ៉ា សុង សារ៉ន។
សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា «ការត្រៀមខ្លួនលើការទិញស្រូវសំរាប់រដូវកាលបន្ទាប់ ឆ្នាំ២០២០-២០២១ ដោយសហព័ន្ធស្រូវអង្ករកម្ពុជា ស្នើដល់រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឲ្យរក្សារទុកកញ្ចប់ថវិកាពិសេស៥០លានដុល្លារ របស់រាជរដ្ឋាភិបាល សំរាប់ទិញស្រូវនារដូវប្រមូលផលជុំទី១ខាងមុខ (ស្រូវសែនក្រអូប) និងស្នើសុំបន្ថែម៣០លានដុល្លារបន្ថែមសំរាប់ជុំទីពីរ (ស្រូវពពួកផ្ការំដួល រំដេង រមៀត សូម៉ាលី...) ហើយបន្ថែមរយៈពេលបង្វិលសងពី៦ខែទៅ១២ខែ»។
ចំពោះសំណើនេះ លោកអគ្គនាយទទួលយកតែ សូមយកទៅសិក្សា និងស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាលជាមុនសិន។ លោកក៏បានលើកឡើងថា ការអនុវត្តកន្លងមក គឺធនាគារបានអនុគ្រោះជាពិសេស ដល់វិស័យស្រូវអង្ករមួយចំនួនធំហើយ។
ក្នុងជំនួបនោះ សហព័ន្ធស្រូវអង្ករបានស្នើសុំឲ្យមានការពន្យារពេល លើការសងត្រឡប់ ចំពោះរោងម៉ាស៊ីនកិនស្រូវមួយចំនួន ក្នុងកាលៈទេសៈនៃការផ្ទុះឡើងនៃជំង Covid-19 ដោយហេតុផលអ្នកនាំចេញមួយចំនួន ទទួលការទូទាត់យឺតយ៉ាវ ពីអ្នកបញ្ជាទិញនៅក្រៅប្រទេសនាំចូលពន្យារពេលទូទាត់ ដែលនាំលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនមានការាំងស្ទះ៕