(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការគិតគូរយ៉ាងល្អិតល្អន់ ក្រសួងបានសម្រេចបញ្ជូនស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ ដែលរកឃើញមានផ្ទុកវីរុស Covid-19 មកមន្ទីរពេទ្យលក្ខណៈស្តង់ដារអន្តរជាតិមួយ នៅរាជធានីភ្នំពេញ ដើម្បីដាក់ថែទាំ និងព្យាបាលជំងឺ។
ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានសំណើពីស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា និងដោយសារស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ វិជ្ជមានវីរុសកូវីដ១៩ ជាអ្នកដែលមានជើងសិប្បនិមិត្តម្ខាង និងប្រើឈើច្រត់ផងដែរនោះ ដែលតម្រូវឲ្យមានទីកន្លែង និងបន្ទប់ទឹកពិសេស សម្រាប់ការស្នាក់នៅក្នុងរយៈពេលព្យាបាល និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ជាមួយអង្គការសុខភាពពិភពលោក មជ្ឍមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិកមក ក្រុមការងារដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចឲ្យមានការសម្របសម្រួល និងការសហការជាពិសេសជាមួយ មន្ទីរពេទ្យមានលក្ខណៈស្តង់ដារអន្តរជាតិ ដែលអាចជួយដល់ជនពិការ ក្នុងការបញ្ជូនស្ត្រីជនជាតិអង់គ្លេសរូបនេះ មកដាក់ថែទាំព្យាបាលនៅមន្ទីរពេទ្យមានលក្ខណៈស្តង់ដារនោះ នៅរាជធានីភ្នំពេញ ដែលបានចេញដំណើរពីមន្ទីរពេទ្យខេត្តកំពង់ចាម នៅវេលាម៉ោង១៦៖៣០នាទីនៃថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមរថយន្តគិលានសង្រ្គោះរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម»។
ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា គិតត្រឹមម៉ោង៤៖០០រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ អ្នកដំណើរនៅលើនាវា Viking Cruise Journey សរុបទាំងអស់មានចំនួន៦៤នាក់ (អ្នកដំណើរចំនួន៣០នាក់ និងអ្នកបម្រើការចំនួន៣៤នាក់) ក្នុងនោះមានស្រីចំនួន២៣នាក់ និងបុរស៤១នាក់ ដែលមាន៧សញ្ជាតិ គឺអាមេរិក ១៤នាក់ (ស្រី៧ ប្រុស៧) ចក្រភពអង់គ្លេស១១នាក់ (ស្រី៧ ប្រុស៤) កាណាដា៤នាក់ (ស្រី២ ប្រុស២) ហូឡង់ម្នាក់(ស្រី) ភូមាម្នាក់ (ប្រុស) វៀតណាម៧នាក់(ប្រុស) និងកម្ពុជា ២៤នាក់ (ស្រី៦ ប្រុស១៨)។ អ្នកដំណើរជាជនជាតិអង់គ្លេសចំនួន៥នាក់ (ស្រី៤ ប្រុស១) ពីម្សិលមិញបានធ្វើតេស្តរួចហើយ ដែលមានស្ត្រីពិការខាងលើ វិជ្ជមានវីរុសកូវីដម្នាក់ និង ៤នាក់ មានលទ្ធផលអវិជ្ជមាន។
នៅថ្ងៃទី១១ ខែមីនានេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរខេត្តកំពង់ចាម ផ្នែកពាក់ព័ន្ធផ្សេងៗ ព្រមទាំងលោកស្រីប្រធានអង្គការសុខភាពពិភពលោក មជ្ឍមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការរួមគ្នាធ្វើប្រតិបត្តិការសុខាភិបាល ដើម្បីពិនិត្យសុខភាពអ្នកដំណើរលើនាវា Viking Cruise Journey ទាំងអស់ ហើយសំណាកពីអ្នកដំណើរដែលនៅសេសសល់ចំនួន៥៩នាក់ ត្រូវបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារួចរាល់ហើយដែរ។ ក្រសួងកំពុងរង់ចាំលទ្ធផលតេស្តបុគ្គល៥៩នាក់ ដែលពេលវេលាមិនទាន់អាចបញ្ជាក់ ជូនបានឡើយ អាស្រ័យតាមបច្ចេកទេសវិភាគនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា ការងារដែលត្រូវធ្វើបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោល ទាំងនៅកំពង់ចាម និងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ន បានរកឃើញជាបឋមនៅរាជធានីភ្នំពេញ មានស្ត្រីជាអ្នកបកប្រែម្នាក់ មានកូនស្រីអាយុ៤ឆ្នាំម្នាក់ និងអ្នកបើករ៉ឺម៉កម៉ូតូ២នាក់ ដែលបានធ្វើតេស្តវិភាគសំណាករួចរាល់ និងទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នាហើយដែរ។ បច្ចុប្បន្នអ្នកទាំង៤នាក់ ត្រូវបានឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយបានណែនាំឲ្យអនុវត្តន៍វិធានការ តាមដានសុខភាពផ្ទាល់ខ្លួន (self-monitoring) ជាបន្តទៀតក្នុងរយៈពេល១៤ថ្ងៃ៕