(កំពង់ឆ្នាំង)៖ បច្ចុប្បន្ននៅតាមបណ្ដោយផ្លូវជាតិលេខ៥ គេតែងតែសង្កេតឃើញមានរថយន្តដឹកទំនិញធុនធំ ដែលធ្វើចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ធ្វើការផ្ទុកទំនិញលើសច្បាប់ កំណត់ជាហូរហែ ដែលករណីនេះ តែងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដល់អ្នកធ្វើដំណើរតាមដងផ្លូវដែលកើតមានជាញឹកញាប់មួយផ្នែកក៏បណ្ដាល មកពីរថយន្តដែលបានផ្ទុក ទំនិញលើសកំពស់ និងទម្ងន់ ដែលច្បាប់បានកំណត់ផងដែរ ពេលខ្លះដូចជា រថយន្តបែកកង់ ដាច់កង់ ក្រឡាប់កណ្ដាលផ្លូវ និងគ្រោះថ្នាក់ផ្សេងៗទៀតជាដើម។
កត្តាទាំងនេះហើយទើបមានការរៀបចំនៅតាមបណ្ដាខេត្ត នូវទូទាំងប្រទេសឲ្យមានគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការត្រួតពិនិត្យ ចំពោះយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរណ៍ នៅតាមដងផ្លូវផ្សេងៗ ពិសេសរថយន្តដែលផ្ទុកទំនិញលើសទម្ងន់ លើសកំពស់ទ្រុង រថយន្តកែច្នៃ តទ្រង់ ក៏ដូច ជារថយន្ត ដែលមិនបានត្រួតពិនិត្យលក្ខ ណៈបច្ចេកទេស ឲ្យបានត្រឹមត្រូវ ហើយតែងតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក៏ដូច ជាដល់អ្នកដទៃផងដែរ។
ហេតុនេះហើយទើប នៅព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២០នេះ នៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើ ការឃាត់រថយន្តធន់ធំដែលដឹកទំនិញ សំពីងសំពោង លើសកំពស់ មិនគោរពទៅតាមច្បាប់កំណត់ ដើម្បីមកធ្វើការផាកពិន័យ និងឱ្យរើទំនិញចេញ ដោយឲ្យរៀបសារថ្មី តម្រូវតាមកំពស់នៃច្បាប់កំណត់ និងធ្វើការអប់រំណែនាំដល់ម្ចាស់ យានយន្តទាំងនោះឲ្យគោរពតាមការណែនាំរបស់សមត្ថកិច្ចជំនាញ ដោយអនុវត្តទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។
ជុំវិញករណីនេះផងដែរ លោក ឈឹម សារុណ នាយការិយាល័យប៉ូលីសចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្តធុនធំទាំង៤គ្រឿងខាងលើនេះ គឺ២ គ្រឿង បានផ្ទុកលើសកំពស់២តឹក និង ២គ្រឿងទៀត ផ្ទុកលើសកំពស់រហូតទៅដល់៦តឹក ដូច្នេះពីរគ្រឿងដែលផ្ទុកលើកកម្ពស់ពីតឹក លោកបានធ្វើការផាកពិន័យ បន្ទាប់មកនិងធ្វើកិច្ចសន្យាជាមួយ នឹងម្ចាស់រថយន្តដើម្បីបញ្ឈប់ការផ្ទុកលើកកម្ពស់ដែលច្បាប់កំណត់ជាបន្តទៀត។
ដោយឡែក២គ្រឿងទៀត ដែលផ្ទុកលើសកំពស់ រហូតទៅដល់៦តឹកនោះលោកនឹងឲ្យរុះរើទំនិញចេញ ដោយទុកត្រឹមតែ កម្ពស់ពីដី៤ម៉ែត្រ២តឹកតែប៉ុ ណ្ណោះ ទៅតាមច្បាប់កំណត់ នឹងធ្វើការពិន័យចំពោះរថយន្តមួយគ្រឿងដោយមួយគ្រឿងទៀត ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការពិន័យរួចហើយតែមិនបានឲ្យរុះរើទំនិញដែលផ្ទុកលើសកំពស់នោះចេញឡើយ លុះមកដល់ខេត្តកំពង់ឆ្នាំង លោកក៏ឃាត់រថយន្តនោះដើម្បីឲ្យរុះរើទំនិញ ដែលលើសចេញដោយទុក តម្រូវទៅតាមកំពស់នៃច្បាប់ កំណត់បន្ទាប់មកឱ្យម្ចាស់រថយន្ដធ្វើកិច្ចសន្យាណែនាំ បញ្ឈប់ការផ្ទុកទំនិ ញ លើសកំពស់ជាបន្តទៀតផងដែរ៕