(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW-កម្ពុជា បានបង្ហាញពីឱកាសល្អ សម្រាប់អ្នកដែលមានលុយ ចង់វិនិយោគទិញដីធ្លី ព្រោះកំឡុងពេលនេះជាឱកាសល្អ ក្នុងការទិញដីដែលមានធូរថ្លៃ ស្របពេលដែលអ្នកលក់បញ្ចុះតម្លៃ ក្នុងពេលកំពុងផ្ទុះវីរុស Covid-19 ធ្វើឲ្យរងផលប៉ះពាល់ចំពោះវិស័យដីធ្លី នៅក្នុងប្រទេសកម្ពុជា។
បញ្ជាក់ក្នុងកិច្ចសម្ភាស «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោកបណ្ឌិត គីម ហ៊ាង បានថ្លែងថា «ពេលនេះជាពេលដែលមនុស្សជាច្រើន មើលឃើញពីបញ្ហា ប៉ុន្ដែក្នុងនោះក៏មានមនុស្សជាច្រើនទៀត មើលឃើញពីឱកាស។ ដូច្នេះខ្ញុំសូមស្នើដល់អ្នកមានលុយ គួរត្រៀមលុយទុកសម្រាប់ទិញ ខណៈមានមនុស្សជាច្រើនចង់លក់ និងមានមនុស្សជាច្រើនទៀតចង់ទិញ ហើយទិញនាពេលឥឡូវនេះ នឹងទទួលបានតម្លៃធូរថ្លៃទៀតផង»។
លោកបណ្ឌិតបន្ដថា «សម្រាប់អ្នកមានលុយគួរត្រៀមលុយទុកជាស្រេច ដើម្បីទិញ ព្រោះពេលនេះជាពេលដែលគួរទិញ តម្លៃល្អ ដីធ្លីមានទីតាំងល្អ ក៏អាចចាប់ផ្ដើមលក់ជាបណ្ដើរៗផងដែរ»។
លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា បច្ចុប្បន្ននេះការទិញលក់ដូដីធ្លីលក្ខណៈធំៗ មានភាពស្ងាត់ច្រើន ព្រោះអ្នកដែលទិញលក់ធំៗ គឺមកពីបរទេស និងក្នុងស្រុក មិនបានមកទិញ ឬវិនិយោគលើវិស័យដីធ្លីទៀតទេ ប៉ុន្ដែមិនមែនមានន័យថា គេមិនមកទិញលក់នៅកម្ពុជាឡើយ គ្រាន់តែពន្យារពេល ដើម្បីរង់ចាំជំងឺ Covid-19 មានការថមថយទៅវិញ ទើបគេត្រឡប់មកវិញសារជាថ្មី៕