(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំអង្គភាព ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត ក្នុងករណីកើតឡើងលើប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណៈបង្ការការពារ និងព្យាបាលជំងឺ Covid-19 ឆ្លើយតបនិងអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការត្រៀមលក្ខណៈប្រុងប្រយ័ត្នក្នុងការបង្ការនៃការឆ្លងរីករាលដាលនៃជំងឺមួយនេះ ដែលជាបញ្ហាសកលក្នុងពិភពលោកក៏ដូចក្នុងតំបន់នាបច្ចុប្បន្ននេះ។
ចំពោះមុខនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងថា បញ្ហាជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Covid-19 ជាបញ្ហាសកលក្នុងពិភពលោក ក៏ដូចនៅក្នុងតំបន់ តែងតែបានរួមគ្នាយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាល នូវជំងឺឆ្លងប្រភេទនេះ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ករណីជំងឺនេះ គឺយើងនៅមិនទាន់មានអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះ និងមានការព្រួយបារម្ភធ្ងន់ធ្ងូរ ដូចបណ្ដាប្រទេសដទៃទៀតឡើយ។
បញ្ហាដែលបារម្ភនោះគឺជាបញ្ហាកើតឡើងដោយជំងឺភ័យខ្លាចរបស់ប្រជាពលរដ្ឋ ដែលតែងតែជឿតាមព័ត៌មាន មិនពិត ព័ត៌មានដែលបំប៉ោង បំភ្លើស បំភិតបំភ័យ ដល់ប្រជាពលរដ្ឋ ពីសំណាក់ពួកអគតិ ចង្រៃបំផ្លាញជាតិឯង។
ជាពិសេសនៅក្នុងខេត្តកំពត ករណីនេះក៏នៅមិនទាន់មានលិចកើតឡើង ការឆ្លងជំងឺ Covid-19 នេះនៅឡើយដែរ ហើយក្នុងដំណាក់កាល បច្ចុប្បន្ននេះ ទេសចរណ៍មកកំសាន្តលេងក្នុងខេត្តកំពត ក៏សង្កេតឃើញមកលេង ជាហូរហែច្រើនដដែល។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល គឺយើងមិនបាននៅព្រងើយកន្តើយឡើយ។ ជាពិសេស សម្រាប់រដ្ឋបាលខេត្តកំពត នៅតាមច្រកទ្វារអន្តរជាតិ និងតាមច្រកទ្វារទ្វេភាគី អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជំនាញ គ្រប់ផ្នែក គ្រប់ថ្នាក់ តែងតែបានរួមសហការគ្នាយកចិត្តទុកដាក់ ត្រួតពិនិត្យតាមរយៈមន្ត្រីចត្តាឡីស័ក ក្នុងការទប់ស្កាត់ និងអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ដែលបានជំរុញណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមនឹងប្រជាពលរដ្ឋ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងប្រុងប្រយ័ត្ន ទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លង Covid-19 នេះដោយតាមរយៈការអប់រំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។
ជាក់ស្ដែងពេលនេះ គឺយើងត្រូវតែត្រៀមលក្ខណៈប្រុងប្រយ័ត្ន ដើម្បីបង្ការនិងទប់ស្កាត់ រួមនឹងការព្យាបាលនូវជំងឺនេះ ក្នុងករណីកើតឡើង លើប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តកំពតផងដែរ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណកោតសសើរ និងដាក់ក្ដីសង្ឃឹមខ្ពស់ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកំពត ក៏ដូចមន្ទីរពេទ្យបង្អែកចំនួន ៤ទៀត នៅក្នុងខេត្ត ព្រមទាំងគ្រូពេទ្យ ដែលបានត្រៀមលក្ខណៈក្នុងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនូវជំងឺឆ្លង Covid-19 នេះ។ ពិសេសក្នុងករណីជំងឺនេះកើតឡើងលើប្រជាពល ត្រូវតែយកចិត្តទុកដាក់ ក្នុងការលះបង់ប្រកបដោយឆន្ទៈប្ដេជ្ញាខ្ពស់ ដើម្បីព្យាបាលជូនពួកគាត់ដោយមិនមានការរើសអើងឡើយ៕