(ព្រៃវែង)៖ មន្ទីរសុខាភិបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយ និងចែកចាយថា មានប្រជាពលរដ្ឋនៅខេត្តព្រៃវែង ផ្ទុកវីរុសកូវីដ១៩។ រហូតមកដល់ល្ងាចថ្ងៃនេះ នៅក្នុងខេត្តព្រៃវែង ពុំទាន់មានអ្នកជំងឺណាម្នាក់ បានរកឃើញថា ផ្ទុកនូវវីរុសកូវីដ១៩នោះឡើយ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន មន្ទីរសុខាភិបាលខេត្តព្រៃវែង បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយនូវពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិត ដែលគ្មានមូលដ្ឋាន ឬប្រភពច្បាស់លាស់ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ច្របូកច្របល់ក្នុងសង្គម។
ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងការចុះអប់រំ ផ្សព្វផ្សាយ និងចែកខិតប័ណ្ណអប់រំដែលសិស្សានុសិស្សនៅតាមវិទ្យាល័យ អនុវិទ្យាល័យ ប្រជាពលរដ្ឋនៅតាមទីប្រជុំជន និងនៅតាមភូមិឃុំជាប់ព្រំដែន អំពីវិធានការបង្ការ ទប់ស្កាត់ ការឆ្លងរាតត្បាត នៃជំងឺកូវីដ១៩ និងបានធ្វើការតាមដាន អង្កេតស្រាវជ្រាវជាប្រចាំ៕