(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះជួប សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងការបំពាក់មួកសុវត្ថិភាព ជូនដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ក្រុងស្ទឹងសែន ដើម្បីត្រៀបអបអរមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងសំណេះសំណាលជាមួយកងកម្លាំង ដោយលោកបានពាំនាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំជាពិសេស ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាលលោកចង់ដឹងសុខទុក្ខ របស់កងកម្លាំងដែលបានបំពេញភារកិច្ច បេសកកម្ម ជារៀងរាល់ថ្ងៃនៅតាមគោលដៅសំខាន់ៗ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានថ្លែងអំណរគុណដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដែលមានស្នាដៃចំពោះជាតិមាតុភូមិ នាពេលកន្លងមក ថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត និងប្រឆាំងរាល់ឧបាយល្បិចកលរបស់ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួន ដែលតែងតែសកម្មភាពយាយី បង្ករឲ្យបាត់បង់សន្ដិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈរូបភាពផ្សេងៗ។
លោកឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ នៃអង្គភាពអធិការដ្ឋានគរបាលក្រុងស្ទឹងសែន ដែលបានដឹកនាំកសាងអង្គភាពមានភាពរីកចម្រើន គួរឲ្យកត់សម្គាល់ដូចជា សំណង់អាគារ ការិយាល័យសម្រាប់បំពេញភារកិច្ច កងកម្លាំងមានរបៀបរៀបរយ និងមានវិន័យក្នុងកងជួរបានល្អ ដែលស្ដែងចេញពី កត្តាសាមគ្គីភាព ឯកភាពផ្ទៃបានល្អ ។
លោកក៏បានផ្ដាំផ្ញើដល់កងកម្លាំង ត្រូវថែទាំសុខភាពជាចំបង តាមរយៈការធ្វើអនាម័យ បរិភោគ ម្ហូបអាហារ ត្រូវចម្អិនឲ្យបានឆ្អិនល្អ ពិសារទឹកស្អាត ទើបបងប្អូន មានសុខភាពល្អ ជៀសផុតពីជំងឺកាចសាហាវមួយចំនួន ហើយពេលនៅពេលខាងមុខនេះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលកាន់តែខិតជិតចូលមកដល់ សូមឲ្យបងប្អូន បង្កើនការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងប្រើប្រាស់វិធានការជំនាញ ក្នុងបង្ការ ទប់ស្កាត់ រាល់សកម្មភាពបទល្មើសធ្វើយ៉ាងណា ថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ រស់នៅដោយភាពសុខសាន្ត។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបំពាក់មួកសុវត្ថិភាពចំនួន ៩០មួក និងឧបត្ថម្ភសម្ភារៈ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនជាច្រើនផងដែរ ៕