(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយដៃគូពាក់ព័ន្ធអំពីផែនការមេ ប្រយុទ្ធប្រឆាំងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) ដែលបានរៀបចំដោយក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក (WHO) និងដើម្បីធ្វើការវាយតម្លៃ លើភាពគ្រប់ជ្រុងជ្រោយ និងតម្រូវការ ហិរញ្ញប្បទាន នៃផែនការនេះ។
កិច្ចប្រជុំនេះដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ នៃក្រសួងសុខាភិបាល និងបណ្តាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដូចជា៖ អង្គការសុខភាពពិភពលោក (WHO), តំណាងស្ថានទូតចិន, ជប៉ុន, អាឡឺម៉ង់, ការិយាល័យសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), ទីភ្នាក់ងារជប៉ុន សម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិ (JICA), ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ទីភ្នាក់ងារអូស្រ្តាលីដើម្បីអភិវឌ្ឍអន្តរជាតិ (AusAID), ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ព្រមទាំងតំណាងមជ្ឈមណ្ឌល ប្រយុទ្ធជំងឺឆ្លង របស់សហរដ្ឋអាមេរិក (CDC)។
លោក វង្សី វិស្សុត បានថ្លែងថា គោលបំណង នៃការរៀបចំកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីប្រមូលនូវធាតុចូលពីដៃគូ ពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យផែនការមេ ប្រយុទ្ធប្រឆាំងជំងឺរលាកផ្លូវ ដង្ហើមធ្ងន់ធ្ងរ (COVID-19) មានលក្ខណៈគ្រប់ជ្រុងជ្រោយ, គួរឱ្យជឿទុកចិត្តបាន និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្របខណ្ឌយុទ្ធសាស្រ្ត, បណ្តាវិធានការឆ្លើយតប និងការរៀបចំយន្តការស្ថាប័ន សម្រាប់អនុវត្តផែនការមេនេះ ក្នុងខណៈដែលជំងឺ COVID-19 បាន និងកំពុងតែឆ្លងរីករាលដល់ច្រើនប្រទេសនៅក្នុងពិភពលោក ដែលមិនអាចប៉ាន់ប្រមាណបាន។ កិច្ចប្រជុំពិភាក្សានេះ ក៏មានគោលបំណងកៀរគរ នូវប្រភពធនធានថវិកា ពីដៃគូអភិវឌ្ឍន៍នានា សម្រាប់គាំទ្រដល់ការអនុវត្តនូវផែនការមេនេះ ទាំងនៅក្នុងរយៈពេលខ្លី និងបន្ទាន់ចំពោះមុខ និងទាំងនៅក្នុងដំណាក់កាលបន្ទាប់។
ទោះបីកម្ពុជាមានគោលនយោបាយថ្នាក់ជាតិ ក្នុងការទប់ស្កាត់ និងការពារជំងឺឆ្លងក្តី ប៉ុន្តែផ្អែកលើស្ថានភាពបច្ចុប្បន្ន, ការរៀបចំឱ្យមានផែនការមេប្រយុទ្ធប្រឆាំងជំងឺ COVID-19 នេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងការដោះស្រាយជាលក្ខណៈយុទ្ធសាស្រ្ត ដោយមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ ។ ជារួម ផែនការមេនេះ មានគោលដៅ ជាយុទ្ធសាស្រ្តសំខាន់ៗដូចជា៖ (១).កាត់បន្ថយការឆ្លងជំងឺ COVID-19 (២).ការពារ និងកាត់បន្ថយជំងឺគ្រោះថ្នាក់ផ្សេងៗដែលពាក់ព័ន្ធជំងឺ COVID-19 និងកាត់បន្ថយការស្លាប់, (៣).ធានាឱ្យបាននូវប្រសិទ្ធភាពសេវាសុខាភិបាល ជាពិសេសនៅពេលមានការរីករាលដាលខ្លាំង និង (៤). កាត់បន្ថយនូវផលប៉ះពាល់ មកលើសេដ្ឋកិច្ច និងសង្គម តាមរយៈវិធានការការ ឆ្លើយតបជាអន្តរវិស័យ ។ ផែនការមេនេះ ត្រូវបានគ្រោងឡើង សម្រាប់អនុវត្តរយៈពេល ០១ ឆ្នាំ ក្នុងសេណារីយ៉ូចំនួន ០៣ ទៅតាមសភាពការណ៍ នៃការផ្ទុះជំងឺ ដោយគ្រោងប្រើប្រាស់ថវិកា សរុបចំនួនប្រមាណ ៦០ លានដុល្លារអាមេរិក ។
លោក វង្សី វិស្សុត បានស្នើដល់បណ្តាដៃគូទាំងអស់ ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រជាហិរញ្ញប្បទាន សម្រាប់អនុវត្តផែនការមេនេះ ទៅតាមអាទិភាព និងលទ្ធភាពរបស់ស្ថាប័នរៀងៗខ្លួន ហើយសល់ពីនេះនឹងត្រូវបំពេញដោយប្រភពពីថវិការាជរដ្ឋាភិបាលផ្ទាល់ ជាពិសេសសម្រាប់គាំទ្រដល់ការអនុវត្តនូវវិធានការឆ្លើយតបភ្លាមៗ នៅក្នុងសេណារីយ៉ូទី១។
លោករដ្ឋលេខាធិការ បានបន្តថា វិធានការឆ្លើយតបត្រូវមានលក្ខណៈសមស្របតាមសភាពការណ៍ នៃការផ្ទុះជំងឺ តែក៏មិនគួរជ្រុលហួសហេតុពេកនោះដែរ។ ក៏ប៉ុន្តែយើងក៏មិនអាចមើលស្រាល ស្ថានការណ៍បានដែរ ក្នុងខណៈដែលផលប៉ះពាល់ នៃជំងឺនេះមិនត្រឹមតែប៉ះពាល់ ដល់សុខភាពមនុស្សប៉ុណ្ណោះទេ តែថែមទាំងផ្តល់ នូវបច្ច័យអវិជ្ជមាន មកលើសេដ្ឋកិច្ច និងសង្គមទាំងមូលផងដែរ ជាពិសេសយើងត្រូវត្រៀមខ្លួនឱ្យបានល្អ ក្នុងការទប់ស្កាត់ការឆ្លង និងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ COVID-19 ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាការពារ កុំឱ្យប្រទេសកម្ពុជារបស់យើង កុំធ្លាក់ចូលទៅក្នុងសេណារីយ៉ូអាក្រក់ នៃការឆ្លងរីករាលដាលនៃជំងឺនេះ។
ទន្ទឹមនឹងនេះ យើងក៏ត្រូវជំរុញ អនុវត្តនូវបណ្តាវិធានការទាំងឡាយ ដែលបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីសម្រាលផលប៉ះពាល់ចំពោះ វិស័យដែលរងផលប៉ះពាល់ខ្លាំង និងដើម្បីធានា ឱ្យសកម្មភាព សេដ្ឋកិច្ចជាតិទាំងមូល នៅតែអាចដំណើរការជាប្រក្រតី ហើយអាចរក្សាការងារ, ប្រាក់ចំណូល និងលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ជារួមតាមរយៈកិច្ចប្រជុំពិភាក្សានេះ បណ្តាដៃគូទាំងអស់ បាននូវផ្តល់មតិ និងបន្ទាប់មកបានយល់ស្របជារួម ចំពោះផែនការមេប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលត្រូវបានរៀបចំឡើយ ស្របតាមស្តង់ដារនៃការអនុវត្តជាសកល (Standard Global Practice)។
ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍ក៏បានបង្ហាញជំហរជាវិជ្ជមាន ក្នុងការចូលរួម និងគាំទ្រការអនុវត្តផែនការមេនេះ ដែលក្នុងនោះ ដៃគូមួយចំនួននឹងចូលរួមក្រោមក្របខ័ណ្ឌគម្រោងដែលកំពុងអនុវត្តស្រាប់ ឬ/និងហិរញ្ញប្បទានថ្មីបន្ថែម។ ចំពោះការអនុវត្តក្រោមក្របខ័ណ្ឌនៃគម្រោងដែលមានស្រាប់, ដៃគូនឹងផ្តល់នូវភាពទន់ភ្លន់ ក្នុងការបង្វែរមុខសញ្ញា ចំណាយមកគាំទ្រការអនុវត្តផែនការ មេប្រយុទ្ធប្រឆាំងជំងឺ COVID-19។ ជាក់ស្តែង WB បាននិងកំពុងត្រៀមដាក់ ឱ្យអនុវត្តសមាសភាព ឆ្លើយតបភាពបន្ទាន់គ្រាអាសន្ន (Contingency Emergency Response Component) ក្រោមក្របខ័ណ្ឌគម្រោង (H-EQIP)។ ADB ក៏កំពុងត្រៀមដូចគ្នានេះផងដែរ ក្រោមគម្រោង GMS Health Security Project។
ទន្ទឹមនឹងនេះ បណ្តាដៃគូអភិវឌ្ឍន៍មួយចំនួន ក៏បានឯកភាពឱ្យប្រើប្រាស់នូវនីតិវិធីសម្រាប់ឆ្លើយតបភាពបន្ទាន់ (Emergency Response Procedures) ដែលមានលក្ខណៈអនុគ្រោះ និងបត់បែនច្រើន ក្នុងការផ្គត់ផ្គង់ទំនិញ និងសម្ភារៈបរិក្ខាផ្សេងៗ ដូចជាតាមរយៈការអនុវត្តនីតិវិធីចុះកិច្ចសន្យាផ្ទាល់ (Direct Contracting) ជាមួយអ្នកផ្គត់ផ្គង់ជាដើម។
ជាទីបញ្ចប់ លោករដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្មារតីសហការ និងការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងគោលដៅឆ្លើយតប និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ក្នុងប្រទេសកម្ពុជា៕