(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ គ្រប់ពេលវេលាចំពោះដើមចម ដែលអាចបង្កឱ្យកើតមានគ្រោះអគ្គីភ័យ ដូចជា៖ ភ្លើងចង្ក្រាន ភ្លើងទាន ភ្លើងចង្គៀង ភ្លើងធូប ភ្លើងដុតសម្រាម ភ្លើងព្រៃ ភ្លើងបារីរំសេវ កាំជ្រូច ប្រេងឥន្ធនៈ ចរន្តអគ្គិសនីឧស្ម័នចំហេះ និងវត្ថុដែលងាយឆេះ ងាយផ្ទុះឆេះគ្រប់ប្រភេទទៀត។
ការអំពាវនាវបែបនេះរបស់លោកអភិបាលខេត្តឧត្តរមានជ័យ បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យលើកទី៥ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១,១១៩នាក់។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសំដែងនូវការអបអរសាទរ និងគាំទ្រខ្ពស់បំផុត ចំពោះការរៀបចំឱ្យមានទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនេះឡើង ក្នុងគោលបំណងបំផុសការចូលរួម ពីគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការ សង្គមស៊ីវិល ជាពិសេសបងប្អូនប្រជាពលរដ្ឋ បានយល់ដឹងគាំទ្រ និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយកងកម្លាំងសមត្ថកិច្ចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងមហន្តរាយដោយអគ្គីភ័យ ព្រមទាំងលើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការបង្ការ និងពន្លត់អគ្គិភ័យរបស់អង្គភាព មានសមត្ថកិច្ចពន្លត់អគ្គីភ័យ ឱ្យកាន់តែវិវត្តន៍រីកចម្រើន ស្ទាត់ជំនាញ ទទួលបាននូវជំនឿជឿជាក់ពីសំណាក់សាធារណជន។
ផ្អែកតាមរបាយការណ៍របស់ស្នងការរងនគរបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កន្លងមកនេះ មានករណីគ្រោះមហន្តរាយ ដែលបណ្តាលមកពីអគ្គីភ័យ ចំនួន០៣លើក និងដើមឆ្នាំ២០២០នេះ បានកើតឡើងចំនួន០២លើក បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែ ត្រូវបានកងកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍បានទាន់ពេលវេលា។
លោក ប៉ែន កុសល្យ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដែលបានចូលរួម សហការគ្នាល្អ ក្នុងការយកចិត្តទុកដាក់ចូលរួមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គិភ័យ បានទាន់ពេលវេលា និងសូមលើកទឹកចិត្តឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់បន្តខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងបុព្វហេតុជាតិ និងប្រជាជនយើង។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើរឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនវិធានការអប់រំណែនាំ ដល់ប្រជាពលរដ្ឋក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមកាន់តែសកម្មក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួនរួមមាន៖
* សូមបប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល ចំពោះដើមចមដែលអាចបង្កឱ្យកើតមានអគ្គិភ័យដូចជា ភ្លើងចង្រ្កាន ភ្លើងទៀន ភ្លើងចង្កៀង ធូប ភ្លើងដុតសំរាម ភ្លើងព្រៃ បារី រំសេវកាំជ្រួច ប្រេងឥន្ធនៈ ចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុគីមី និងវត្ថុដែលងាយឆេះ និងងាយផ្ទុះឆេះគ្រប់ប្រភេទ ជាដើម។
* ការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ និងឧស្ម័នត្រូវគោរពតាមបទដ្ឋានបច្ចេកទេសដែលត្រូវត្រួតពិនិត្យពីគ្រប់ជំនាញពាក់ព័ន្ធ ឱ្យបានត្រឹមត្រូវ ទៅតាមស្តង់ដាបច្ចេកទេស ដើម្បីបង្ការហានិភ័យ។
* ត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទប្រចាំការ ដើម្បីប្រជាពលរដ្ឋបានដឹង និងទំនាក់ទំនងរកពេលមានគ្រោះថ្នាក់អគ្គីភ័យកើតឡើង។
* អង្គភាពនគរបាលបង្ការ និងពន្លត់អគ្គិភ័យនៅស្នងការដ្ឋាននគរបាលខេត្ត និងតាមបណ្តាក្រុង ស្រុក ត្រូវមានកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្ត និងឧបករណ៍សម្ភារ ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គីភ័យបានទាន់ពេលវេលា៕