(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវឲ្យស្ត្រី និងបុរសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យនៅគង់វង្ស និងត្រូវប្រឆាំងដាច់ខាតអ្នកដែលមានបំណងចង់បំផ្លាញសុខសន្តិភាព។

ថ្លែងក្នុងពិធីអបអរសារទរខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័» ដែលបានធ្វើឡើងនៅសាលប្រជុំ សាលាខេត្តព្រះវិហារនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា «ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាភាពចាំបាច់ដើម្បីឲ្យរដ្ឋាភិបាល ប្រទេសមួយមានលទ្ធភាពផ្តោតយកចិត្តទុកដាក់ ទៅលើកិច្ចអភិវឌ្ឍន៍សង្គម និងសុខមាលរបស់ប្រជាជន។ ក្រោមនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសន្តិភាពពេញលេញ គ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា គ្មានតំបន់អប្បគមន៍គ្មានការបែងចែកទឹកដីដូចមុនទៀតទេ»

នៅក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីផ្ញើជូនដល់អង្គពិធីទាំងមូល ក៏ដូចជាផ្ញើរជូនដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីនៅក្នុងខេត្តព្រះវិហារនេះ នៅក្នុងឱកាសខួប១០៩ទិវា៨មីនាថ្ងៃសិទ្ធនារីនាពេលនេះ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងថា ទាក់ទងនិងយុទ្ធនាការទិវានារីអន្តរជាតិ ៨ មីនា ក្នុងឆ្នាំ២០២០ខួបលើកទី១០៩នេះ បានជ្រើសរើសយកប្រធានបទ «មានសន្តិភាព មានការើលកកម្ពស់សមភាព យេនឌ័រ»។ យុទ្ធនាការថ្ងៃ ៨មីនា ជាព្រឹត្តិការណ៍សកលលោក ដែលមហាសន្និបាតអង្កការសហប្រជាជាតិ បានប្រកាសជាថ្ងៃអង្កការសហប្រជាជាតិស្តីពីសិទ្ធស្ត្រី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាយើង បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទាសិទ្ធសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព អំពីសមិទ្ធិផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានានៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រីនិងក្មេងស្រី។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាក្នុងការខិតខំសម្រេចឲ្យបានលើគោលដៅចំនួន៣រួមមាន៖

*ការមិនទទួលបាននូវសេវាពន្យាកំណើត
*អត្រាមរណភាពមាតា
*អំពើហិង្សាទាក់ទងនិងយេនឌ័រ និងអំពើហិង្សាផ្លូវភេទ និងគ្រប់ទម្រង់នៃការរើសអើងលើស្ត្រី និងក្មេងស្រី ដែលទាំងនេះគឺជារបៀបវិរៈដ៏ចម្បង ដែលត្រូវសម្រេចឲ្យបាននៅក្នុងឆ្នាំ២០៣០៕