(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា អក្ខរកម្មឌីជីថល ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ ប្រជាពលរដ្ឋទូទៅ សិស្សានុសិស្ស និងមន្ត្រីរាជការគ្រប់កម្រិត ដើម្បីចូលរួមក្នុងដំណើរការសេដ្ឋកិច្ច ព្រមទាំងសកម្មភាពនានា ក្នុងយុគសម័យឌីជីថលនេះ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក អញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ជ័យលាភីនៃគម្រោង « អក្ខរកម្មឌីជីថល» ដែលបំពាក់បំប៉ន ដល់សិស្សានុសិស្សចំនួន ១,៤៦៣នាក់ ក្នុងរយៈពេលប៉ុន្មានខែមកនេះ។
ក្នុងពិធី ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក៏មានការចូលរួម ពីលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ជាមួយគ្នានោះ ក៏មានការចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិ នៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិ ស.អ.-CBRD Fund) ព្រមជាមួយតំណាងក្រុមហ៊ុន ស្មាតអាស្យាតា និងសិស្សានុសិស្សជាច្រើនកុះករ។
ថ្លែងក្នុងពិធីនោះ លោក ត្រាំ អ៉ីវតឹក បានថ្លែងថា «អក្ខរកម្មឌីជីថល ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋទូទៅ សិស្សានុសិស្ស និងមន្ត្រីរាជការគ្រប់កម្រិត ដើម្បីចូលរួមក្នុងដំណើរការសេដ្ឋកិច្ច ព្រមទាំងសកម្មភាពនានា ក្នុងយុគសម័យឌីជីថលនេះ»។
លោកបន្ដថា ការបំពាក់បំប៉នអក្ខរកម្មឌីជីថល មិនត្រឹមតែគ្របដណ្តប់ លើជំនាញឌីជីថលប៉ុណ្ណោះទេ ថែមទាំងជាការបណ្តុះសមត្ថភាព នៃការប្រើប្រាស់បច្ចេកវិទ្យា ទៅតាមតម្រូវការជាក់ស្តែងរបស់ការងារ ការចូលរួមក្នុងសង្គមឌីជីថល និងការអភិវឌ្ឍខ្លួនជាដើម។
ក្នុងន័យនេះ សំដៅដល់សមត្ថភាពនៃការស្វែងរក ដំណើរការទំនាក់ទំនង និងបង្កើតព័ត៌មាន ព្រមទាំងសមត្ថភាព នៃការស្វែងរកដំណោះស្រាយ ដោយប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពទទួលខុសត្រូវខ្ពស់ ឆ្លើយតបទៅនឹងការផ្លាស់ប្តូរលឿនរហ័ស នៃបច្ចេកវិទ្យា។
លោករដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានបន្តទៀតថា ក្រសួងបានផ្តោតជាចម្បង លើកិច្ចការបង្កើនអក្ខរកម្មឌីជីថល មន្ត្រីរាជការរបស់ក្រសួង។ ហើយជាជំហានដំបូង ក្រសួងបាននិងកំពុងបង្កើតការរៀបចំ វាស់ស្ទង់កម្រិតអក្ខរកម្មឌីជីថល របស់មន្ត្រីរាជការក្រោមឱវាទ តាមប្រព័ន្ធអនឡាញ។
លោកថា ស្ថិតិដែលកើតចេញពីការវាស់ស្ទង់នេះ នឹងត្រូវបានប្រើប្រាស់ សម្រាប់ការរៀបចំគោលនយោបាយ បណ្តុះបណ្តាលបុគ្គលិកច្បាស់លាស់ ចំទិសដៅ ឆ្លើយតបនឹងការផ្លាស់ប្តូរ ទៅតាមបរិបទការងារ ពិសេសការគាំទ្រដល់ការកសាងរដ្ឋាភិបាល ឌីជីថល និងសេដ្ឋកិច្ចឌីជីថល។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបង្ហាញជំហគាំទ្រ ដល់កម្មវិធីបំប៉នអក្ខរកម្មឌីជីថល ដែលបានរៀបចំឡើងនេះ ព្រោះថាយើងពិតជាត្រូវការ ការបង្កើនសមត្ថភាព ប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្ស ក្នុងការចូលរួមគ្រប់សកម្មភាពសង្គម ធានាបាននូវការទាញយកប្រយោជន៍ ពីបច្ចេកវិទ្យាប្រកបដោយស័ក្កសិទ្ធិភាព និងសុវត្ថិភាព។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏នឹងបន្តជួយគាំទ្រ ដល់ការអភិវឌ្ឍជំនាញឌីជីថល ជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការបន្តកសាង ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាថ្នាក់វិទ្យាល័យ និងអនុវិទ្យាល័យ ការជួយជ្រោមជ្រែង ដល់កម្មវិធីបណ្តុះបណ្តាលផ្សេងៗ ដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ ស.អ.។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានស្នើសុំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពដាក់បញ្ចូល ទៅក្នុងប្រព័ន្ធអប់រំផ្លូវការ នូវកម្មវិធីទាំងឡាយណា ដែលក្រសួងយល់ថា មានភាពស៊ីសង្វាក់ជាមួយកម្មវិធីអប់រំ ដើម្បីធានានូវនិរន្តរភាព និងប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីទាំងអស់នេះ។
គូសបញ្ជាក់ផងដែរថា គម្រោង «អក្ខរកម្មឌីជីថល» រៀបចំឡើងដោយក្រុមការងារ របស់ក្រុមហ៊ុនស្មាត អាស្យាតា សហការជាមួយក្រុមហ៊ុន Google និង GSMA ដោយប្រើប្រាស់មូលនិធិ ស.អ.៕