(ភ្នំពេញ)៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបង្ហាញការគាំទ្រចំពោះកិច្ចការនានា ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបំពេញកន្លងមកនេះ លើកការយកចិត្តទុកដាក់ និងផ្ដល់អត្ថប្រយោជន៍សម្រាប់ជនមានពិការភាព។
ការបង្ហាញការគាំទ្រនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយលោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។
ក្នុងជំនួបពិភាក្សានេះ លោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានលើកសសើរចំពោះ ការងារ និងផែនការយុទ្ធសាស្រ្តថ្នាក់ជាតិ ស្ដីពីពិការភាព ក៏ដូចជាកិច្ចប្រឹងប្រែងក្នុងការបញ្រ្ចៀបបញ្ហាពិការភាព ទៅគ្រប់ក្រសួងស្ថាប័នទាំងអស់ក្នុងរាជរដ្ឋាភិបាល ដែលឆ្លើយតបទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធជនមានពិការភាព។
ជាការឆ្លើយតប រដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អូស្រ្តាលីដែលបានជួយគាំទ្រ និងឧបត្ថម្ភ ជាបន្តបន្ទាប់លើការងារដែលទាក់ទងនឹង វិស័យពិការភាពនៅកម្ពុជា។
ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក៏បានបញ្ជាក់ប្រាប់ស្ថានទូតអូស្រ្តាលីថា បច្ចុប្បន្នក្រសួងសង្គមកិច្ចកំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនដែលរាជរដ្ឋាភិបាលកំណត់។
បន្ថែមពីលើនេះ អគ្គរដ្ឋទូតអូស្រ្តាលី បានបញ្ជាក់ថា ស្ថានទូតក៏បានតាមដានការកែទម្រង់ ក៏ដូចជាការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីពិការភាព របស់ក្រសួងសង្គមកិច្ចផងដែរ។ លោកមើលឃើញថា ការកែទម្រង់ទាំងនេះគឺស្របទៅនឹងយុទ្ធសាស្រ្តចតុកោណ របស់ រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងស្របទៅនឹងកម្មវិធីជំនួយអភិវឌ្ឍ របស់អូស្រ្តាលី ជួយដល់កម្ពុជាដែលកំពុងអនុវត្ត។
បើតាមការលើកឡើងរបស់ រដ្ឋមន្រ្តី វង សូត, បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច កំពុងព្យាយាមផ្តល់ការឧបត្ថម្ភ ទៅដល់ជនក្រីក្រដើម្បី ឱ្យពួកគាត់អាចទទួលបានអត្ថប្រយោជន៍ និងព្យាយាមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការពន្លឿន ការកំណត់អត្តសញ្ញាណជនក្រីក្រ៕