(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានលើកឡើង និងចាត់ទុកស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន។
ការលើកឡើងបែបនេះ របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានធ្វើនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមីនា ទិសដៅការងារខែមេសា ឆ្នាំ២០២០ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិ ៨ មីនា ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»។
លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានថ្លែងថា ការប្រារព្ធទិវាអន្តរជាតិ ៨ មីនា ២០២០នេះ ពិតជាចំគោលដៅ ដើម្បីលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តីនៅក្នុងសង្គម ក្នុងនាមយើងជាកម្លាំងកងរាជអាវុធហត្ថនឹងបន្តគាំទ្រ ជំរុញដល់ស្ដ្រីក្នុងការចូលរួមជាស្នូលដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិ។
មេបញ្ជាការរូបនេះ ក៏បានកោតសសើរដល់នាយទាហាន នាយទាហានរងទាំងអស់ ដែលខិតខំធ្វើការងារកន្លងមក ដោយបានសហការ ជាមួយអាជ្ញាធរដែនដី និងអ្នកដែលពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋបានល្អប្រសើរ ធ្វើឱ្យមានការកោតសរសើរ និងទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្តស្វាយរៀង ផងដែរ។
លោកក៏បានផ្តាំផ្ញើរដល់មន្ត្រីអាវុធហត្ថទាំងអស់ ត្រូវពង្រឹងបណ្ដាញក្ដាប់យកព័ត៌មាន ដែលបង្កឱ្យវឹកវរដល់សង្គមនៅជុំវិញខេត្ត និងបន្ដការស្រាវជ្រាវ រកមុខសញ្ញាបទល្មើស។ មិនតែប៉ុណ្ណោះ ត្រូវថែរក្សាសម្ភារបរិក្ខាដែលមានស្រាប់ និងធ្វើការវាយតម្លៃទៅលើអគារ សម្ភារប្រើប្រាស់មធ្យោបាយធ្វើដំណើរ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានផ្តល់ជូនដល់អាវុធហត្ថនារីចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់សំពត់ហូលមួយ ក្រណាត់អាវប៉ាក់មួយ និងថវិកាចំនួន ៥០,០០០រៀល៕