(បាត់ដំបង)៖ លោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តបើកបាឋកថាស្តីពី «យុវជនរួមគ្នាថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្ស» ដែលរៀបចំសហការ ដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
ក្នុងឱកាសនេះដែរ លោក កែវ រ៉េមី ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានបូជាគ្រប់បែបយ៉ាង ដើម្បីប្តូរយកសុខសន្តិភាព សេរីភាព ជូនប្រជាជនកម្ពុជាឱ្យរួចផុតពី របបវាលពិឃាដខ្មែរក្រហម «ប៉ុល ពត»។
លោក កែវ រ៉េមី បានបន្តថា ការរួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងការអភិវឌ្ឍនេះ មិនមែនសម្រាប់បុគ្គលណាម្នាក់នោះទេ ហើយក៏គ្មានបុគ្គលណាម្នាក់អាចថែរក្សាបានតែម្នាក់ ឯងនោះដែរ គឺទាល់តែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ ដែលធ្វើឱ្យមានការគោរពសិទ្ធិមនុស្ស។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានដាស់តឿនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានខេត្តបាត់ដំបងថា កាលណាមានសង្គ្រាមរាំងជល់កុំសង្ឃឹមថា បានរស់នៅជួបជុំសាច់ញាតិ ក្រុមគ្រួសារ ហើយកាលណាបើប្រទេសជាតិមានសង្គ្រាម សូមកុំនិយាយពីសិទ្ធិមនុស្ស ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់គ្នារួបរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ថែរក្សា ការពារសន្តិភាពដែលកម្ពុជា កំពុងតែមាននេះឱ្យបានជាដាច់ខាត។
បន្ថែមពីនេះ លោក កែវ រ៉េមី បានជម្រាបប្រាប់ទៅប្រជាពលរដ្ឋថា សូមកុំប្រៀបធៀបលទ្ធិប្រជាធិបតេយ្យប្រទេសផ្សេងៗ ជាមួយកម្ពុជា ព្រោះការអនុវត្តមានស្ថានភាពខុសគ្នាទៅតាមបរិបទសង្គម។ ជាក់ស្តែងបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានបើកទូលាយ ឱ្យប្រជាជនដែលរស់នៅក្នុងប្រទេសមានសិទ្ធិគ្រប់បែបយ៉ាង ដែលកំណត់ដោយច្បាប់រដ្ឋ ជាពិសេសការគោរពសិទ្ធិដល់បងប្អូនជនជាតិដើម ភាគតិច លើការគោរពលើជំនឿ សាសនា ការអប់រំ សេវាថែទាំសុខុមាលភាព និងសិទ្ធិផ្សេងៗទៀត ដូចប្រជាជនខ្មែរទូទាំងប្រទេសផងដែរ។
តាមរយៈការគោរពសិទ្ធិមនុស្សជាធំរបស់សម្តេចតេជោ, លោក កែវ រ៉េមី បានបន្តថា មានតែកម្ពុជានោះទេដែលឈានមុខគេក្នុងកិច្ច្ចការសិទ្ធិមនុស្ស ដែលបានអនុញ្ញាតឱ្យមានការិយាល័យឧត្តម ស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងអ្នករាយការណ៍ពិសេស ព្រមទាំងទទួលយកអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិចំនួន៨ ក្នុងចំណោម៩ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស តាំងពីទសវត្សរ៍ឆ្នាំ៩០មកម្ល៉េះ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការសហការជាមួយអង្គការផ្សេងៗ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកស្ទួយវិស័យសិទ្ធិមនុស្ស ដោយឱ្យពួកគេអាចបញ្ចេញមតិនានា និងធ្វើសកម្មភាពដោយសេរីពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមិនមានការរឹតត្បិតនោះឡើយ។
មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមទៀតថា សព្វថ្ងៃនេះ ប្រជាជនកម្ពុជាម្នាក់ៗ កំពុងទទួលបាននូវការការពារសិទ្ធិ ការគោរពសិទ្ធិ និងការប្រើប្រាស់សិទ្ធិយ៉ាងទូលំទូលាយ ជាអាទិ៍ សិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិការងារ សិទ្ធិសហជីព សិទ្ធិបង្កើតអង្គការមិនមែនរដ្ឋាភិបាល សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិទទួលបានសុខុមាលភាពសង្គម សិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពខាងជំនឿ សេរីភាពសាសនា និងវប្បធម៌ព្រមទាំងទទួលបានពីរដ្ឋប្រកបដោយសមធម៌នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ៕