(រតនគិរី)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការនគរបាលខេត្តរតនគិរី ក្រោមអធិបតីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ អធិការក្រុង ស្រុក មេបញ្ជាការវរការព្រំដែនគោក លេខ២០៣ និង៦២៣ ជាច្រើនរូប។
លោកវរសេនីយ៍ឯក ប៊ុត ហេង នាយការិយាល័យបុគ្គលិកខេត្តរតនគិរី បានអានសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ដោយបំពាក់ឋានន្តរស័ក្តិចាប់ពីអនុសេនីយ៍ឯក ដល់ពលបាលឯកចំនួន ១៤០នាក់ និងផ្ទេរភារកិច្ចតែងតាំងមុខតំណែងចាប់ពីនាយផ្នែក ដល់នាយរងប៉ុស្តិ៍រដ្ឋបាលចំនួន ៦០នាក់។
ក្នុងពិធីផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនេះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ក៏បានលើកទឹកចិត្ត និងកោតសរសើរ ដល់ការខិតខំប្រឹងប្រែងអនុវត្តការងារបានល្អប្រសើរ នាពេលកន្លងមក ហើយលោកក៏បានសំណូមពរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចូលរួមការពារសន្តិសុខ ត្រូវមានឥរិយាបទទន់ភ្លន់ជាមួយប្រជាពលរដ្ឋផ្តល់សេវា ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងត្រូវបន្តការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង ៩ចំណុច របស់រាជរដ្ឋាភិបាល។
បន្ថែមលើនេះទៀត លោកឧត្តមសេនីយ៍ស្នងការ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូ មានរបៀបរបបការងារល្អឆ្លើយតបបានសំណូមពរ ការងារបច្ចុប្បន្ន មានសាមគ្គីភាពផ្ទៃក្នុងល្អផងដែ៕