(ភ្នំពេញ)៖ អ្នកវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ ដោយប្រើប្រាស់បញ្ញាសុប្បនិម្មិត (AI) បានលើកឡើងថា ក្រុមហ៊ុនក្នុងស្រុកអាចមានឱកាសល្អ ក្នុងការប្រមូលទិញអចលនទ្រព្យ ស្របពេលមានបញ្ហា Covid-19 នេះ ព្រោះក្រុមហ៊ុនក្នុងស្រុក អាចមានឱកាសវាយលុកមុន នឹងឈរជើងរឹងមាំ ខណៈដែលក្រុមហ៊ុនក្រៅប្រទេស មិនសូវចាប់អារម្មណ៍។
នេះបើតាមការលើកឡើងរបស់លោក ហ៊ឹម សីហា អ្នកវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ ក្នុងឱកាសអញ្ជើញចុះអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងក្រុមហ៊ុន The Dev Masters ពីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ។
លោកបានលើកឡើងយ៉ាងដូច្នេះថា «ធម្មតានៅក្នុងព្យុះវាមានកូនឱកាស មានន័យថាក្រុមហ៊ុន Local អាចមានលទ្ធភាពឈរជើងរឹងមាំ អីចឹងឱកាសមានច្រើនរូបភាព ទីមួយខាងក្រៅប្រទេស មិនសូវចាប់អារម្មណ៍ អីចឹងយើងជា Local អាចមានឱកាសវាយលុក ហើយនៅក្នុងនោះអ្នក ដែលអាចមានលទ្ធភាព ប្រមូលទិញអចលនទ្រព្យ ក្នុងពេលដែលគេចង់លក់ គឺគាត់មានឱកាសចរចាច្រើន ហើយការអភិវឌ្ឍន៍គម្រោងធំៗ គាត់អាចមានឱកាសច្នៃ មិនមែនសម្រាប់ឆ្នាំនេះទេ តែសម្រាប់ប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលស្ថានភាពល្អជាងនេះ»។
ពាក់ព័ន្ធស្ថានភាព វិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន លោកបានបញ្ជាក់ថា មិនមានការប្រែប្រួលខ្លាំងនោះទេ សម្រាប់ការទិញ និងលក់អចលនទ្រព្យ ខណៈការទិញ និងលក់ គឺមានសភាពធម្មតា ប៉ុន្តែចំណុចនេះផ្អែកលើតួលេខ ដែលបានបង្ហាញកន្លងទៅ ខណៈមិនទាន់មានអ្នកជំនាញអាចបញ្ជាក់បានច្បាស់លាស់នោះទេ។
ជាមួយគ្នានោះ លោក ហ៊ឹម សីហា នាយកក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានឲ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងខ្លាំង ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានបង្កើតគម្រោងលំនៅឋាន និងគម្រោងពាណិជ្ជកម្មដោយភាពសម្បូរបែប។ កត្តានេះតម្រូវឲ្យមានការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំ និងមានគុណភាពមួយ ដើម្បីពង្រឹងទំនុកចិត្តវិនិយោគិន និងដើម្បីងាយស្រួលវិភាគពីនិន្នាការអភិវឌ្ឍន៍កន្លងមក និងការព្យាករសម្រាប់ថ្ងៃអនាគត។
«បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ជួយពន្លឿនប្រតិបត្តិការវិស័យអចលនទ្រព្យតាមរយៈ ការកាត់បន្ថយពេលវេលា ដែលតែងតែធ្វើដោយដៃកន្លងមក ហើយបញ្ញាសុប្បនិម្មិត ក៏បានជួយបង្កើនប្រសិទ្ធភាពសម្រាប់ដំណើរការទិញលក់ និងប្រតិបត្តិការទីផ្សារអចលនទ្រព្យផងដែរ»។ លោក ហ៊ឹម សីហា បានគូសបញ្ជាក់ថា។
លោក ហ៊ឹម សីហា បន្តថា កិច្ចសហការរវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងក្រុមហ៊ុន The Dev Masters ពីអាមេរិកនេះ គឺជាការវិវត្តន៍យ៉ាងសំខាន់ សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដោយសារថាការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើការវិភាគ និងព្យាករទិន្នន័យអចលនទ្រព្យ ដោយប្រើប្រាស់ Artificial Intelligence (AI) នឹងរួមចំណែកបង្កើនទំនុកចិត្ត ដល់វិនិយោគិន និងលំហូរទុនវិនិយោគក្នុងវិស័យនេះ។
កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យសុទ្ធសឹង តែអាចប្រើប្រាស់បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ដើម្បីពង្រឹងប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា ដែលកម្មវិធីទាំងនោះមានជាឧទាហរណ៍ដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និងការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យប្រវត្តិកម្ម នៃឯកសារនានា ការព្យាករពីតម្លៃអចលនទ្រព្យនាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុន Z1 Data Co.,LTD (Cambodia) គឺជាក្រុមហ៊ុនក្នុងស្រុក ដែលមានឯកទេសខាងស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ ដោយប្រើប្រាស់បញ្ញាសុប្បនិម្មិត។ ក្រុមហ៊ុននេះ បានអភិវឌ្ឍន៍ខ្លួនចេញពីនាយកដ្ឋានសិក្សាស្រាវជ្រាវ របស់ក្រុហ៊ុនអចលនទ្រព្យឈានមុខគេមួយ នៅកម្ពុជា គឺក្រុមហ៊ុន VTrust Appraisal Co., Ltd.៕