(ភ្នំពេញ)៖ បើគ្មានអ្វីប្រែប្រួលទេនោះ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា នឹងចុះបញ្ជី (Listing) នៅក្នុងផ្សារភាគហ៊ុន នៅក្រោយបុណ្យចូលឆ្នាំខ្មែររួច ខណៈពេលនេះ ស្ថិតក្នុងដំណាក់កាលធ្វើបុកបៀលឌីង ដើម្បីកំណត់ថ្លៃលក់មូលបត្រ។
ថ្លែងក្នុងកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ស្តីពីការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា «បើសិនជាមិនមានអ្វីប្រែប្រួលទេ នៅចុងខែ៤ IPO របស់អេស៊ីលីដានឹង Listing (ចុះបញ្ជី) បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច នៅអំឡុងថ្ងៃទី២០ជាង ខែមេសា ឆ្នាំ២០២០»។
ការធ្វើបុកបៀលឌីង (ការកំណត់ថ្លៃ) របស់ធានាគារអេស៊ីលីដា បានរៀបចំឡើងចាប់ពីថ្ងៃទី០៣ ដល់ ១៤ ខែមីនា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រយៈពេល៧ថ្ងៃ មន្ត្រីគាត់សម្គាល់ឃើញថា មានការចាប់អារម្មណ៍ច្រើនពីសាធារណជន។
លោក ស៊ូ សុជាតិ បានថ្លែងថា ការចាប់ផ្ដើមតាំងពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលមានរយៈពេល៧ថ្ងៃ មានការចាប់អារម្មណ៍ច្រើន ប៉ុន្ដែចំនួន មិនអាចប្រាប់បាននោះទេ គឺចាំមើលរបាយការណ៍ចុងក្រោយ ដែលបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
បន្ទាប់បញ្ចប់ ការធ្វើប៊ុកបៀលឌីង នឹងឈានដល់ដំណាក់កាលថ្មីមួយទៀត គឺការធ្វើបរិវសកម្ម (ចុះឈ្មោះទិញមូលបត្រ) ដែលរៀបចំឡើងនៅចុងខែមីនា ដល់ដើមខែមេសា ឆ្នាំ២០២០ មុននឹងឈានដល់ជំហានថ្មី គឺចុះបញ្ជីនៅផ្សារមូលបត្រ (ឡើងផ្សារហ៊ុន) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
ធនាគារគ្រោងនឹងបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិថ្មី ចំនួន ៨,៧៥១,៣៩១ភាគហ៊ុន និងភាគហ៊ុន ដែលមានស្រាប់រហូត ដល់១៣,១២៧,០៨៦ភាគហ៊ុន ដល់សាធារណជន។ ការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន)របស់អេស៊ីលីដា នៅក្នុងចន្លោះថ្លៃចាប់ពី១៥,០០០រៀលដល់១៧,៤០០រៀលក្នុងមួយភាគហ៊ុន។
បើតាមបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានថ្លែងថា ធនាគារអេស៊ីលីដា មានការជឿជាក់ចំពោះវិនិយោគិន ដែលមានសក្ដានុពល វិនិយោគិនឯកត្ដជន វិនិយោគិនសាធារណៈ ដែលមានការទុកចិត្ដខ្ពស់ ទៅលើការចាប់អារម្មណ៍ទិញភាគហ៊ុននេះ។
បណ្ឌិត អ៉ិន ចាន់នី ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា សល់តែរយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបញ្ចប់ ការធ្វើការកំណត់ថ្លៃលក់ភាគហ៊ុន របស់អេស៊ីលីដា ហើយក៏មានតួលេខទាំងអស់រួចហើយដែរ ប៉ុន្ដែមិនអាចបង្ហាញបានទេ លុះត្រាតែដល់ថ្ងៃបិទបញ្ចប់ ការកំណត់ថ្លៃលក់ភាគហ៊ុន បានបង្ហាញជាផ្លូវការ។
សម្រាប់ការលក់ភាគហ៊ុនវិញ បណ្ឌិត អ៉ិន ចាន់នី បានគូសបញ្ជាក់ថា សន្ទុះនៃការចូលរួមរបស់អ្នកវិនិយោគិនទិញភាគហ៊ុន តាំងពីថ្ងៃចាប់ផ្ដើមមានការចូលរួមច្រើន៕