(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យតំណាងស្ថានទូត ចិនដឹកនាំដោយ លោកស្រី Zuo Wenxing អនុប្រធានស្ថានបេសកកម្ម និងជាប្រឹក្សានយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy) ប្រចាំស្ថានទូតប្រជាមានិតចិន និងសហការី ជួបសំណេះសំណាល និងពិភាក្សាការងារ ស្តីពីវិធានការ ការបង្ការ និងត្រួតពិនិត្យរកមេរោគកូវីដ១៩ (COVID 19) តាមអាកាសយានដ្ឋាន និងយន្តហោះ។
ក្នុងជំនួបលោកស្រី Zuo Wenxing បានលើកឡើងអំពី ភាពជោគជ័យ ក្នុងការទប់ស្កាត់ ការផ្ទុះមេរោគនៅខេត្តហូបី ជាពិសេសក្រុង Wuhan និងទូទាំងប្រទេសចិន ប្រកបដោយប្រសិទ្ធភាព ដោយមានការធ្លាក់ចុះ នៃការឆ្លងស្ទើតែកម្រិតសូន្យ។ ម្យ៉ាងទៀត ប្រទេសចិនបានគ្រប់គ្រងស្ថានការរាលដាលទាំងស្រុង។
ជាចំណាប់អារម្មនណ៍ លោកស្រី Zuo Wenxing បានលើកឡើងអំពីការរីករាលដាល នៅក្រៅប្រទេសចិន ជាពិសេសនៅអឺរ៉ុប ប្រទេសអ៉ីតាលី កូរ៉េខាងត្បូង ប្រទេសអ៉ីរ៉ង និងប្រទេសជប៉ុន។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងអំពីកិច្ចសហការជិតស្និតរវាងប្រទេសចិន និងកម្ពុជា មានជាយូរមកហើយ និងកម្ពុជា គាំទ្រនយោបាយចិនតែមួយ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រួមទាំងវិស័យអាកាសចរផងដែរ។ ជាពិសេសថ្មីៗនេះ ប្រទេសចិនបានបញ្ជូននូវ វត្ថុធាតុដើមវាយន្តភ័ណ្ឌ ចំនួន០៧កប៉ាល់ធំៗមកកម្ពុជា សម្រាប់បម្រើចង្វាក់ផលិតកម្មរោងចក្រកាត់ដេរនៅកម្ពុជា និងបានគាំទ្រនូវជំហរកម្ពុជា ដែលមិនប្តូរអធិបតេយ្យជាតិ ជាមួយការដក EBA របស់សហគមន៍អឺរ៉ុប។
ម្យ៉ាងទៀត នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី បានធ្វើការកោតសរសើរប្រទេសចិន ដែលបានធ្វើការទប់ស្កាត់ការរីករាលដាល នៃការឆ្លង កូវីដ១៩ ប្រកបដោយជោគជ័យ។
ចំពោះវិធានការ ការបង្ការ និងត្រូតពិនិត្យរកមេរោគ កូវីដ១៩ (COVID 19) តាមអាកាសយានដ្ឋាន និងយន្តហោះ នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បានជម្រាបលោកស្រី Zuo Wenxing រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានធ្វើការយ៉ាងយកចិត្តទុកដាក់ និងបានឲ្យក្រុមហ៊ុនអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ធ្វើការសម្អាត អនាម័យជាប្រចាំ ដើម្បីទប់ស្កាត់ការរីកដាល នៃមេរោគកូវីដ១៩។
ជាពិសេសនាពេលនេះ មន្ត្រីរបស់ក្រសួងសុខាភិបាល បានធ្វើការវាស់កម្ដៅអ្នកដំណើរទាំងអស់ទាំងចេញ និងចូលប្រទេសកម្ពុជា។ ក្នុងជំនួប នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្នើសុំភាគីចិន ចែករំលែកនូវព័ត៌មាន សម្រាប់ទប់ស្កាត់មេរោគ កូវីដ១៩ តាមផ្លូវអាកាស និងសុំការសហការនូវ ការផ្តល់បទពិសោធន៍ល្អៗ ពីប្រទេសចិន។
ជាការឆ្លើយតប លោកស្រី Zuo Wenxing បានយល់ព្រម និងពិនិត្យលទ្ធភាព ក្នុងការជួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើការផ្តល់សម្ភារ សម្រាប់ទប់ស្កាត់មេរោគ កូវីដ១៩ តាមផ្លូវអាកាស និងត្រៀមការចែកបទពិសោធន៍ល្អៗ ដែលប្រទេសចិន មានលើការប្រយុទ្ធប្រឆាំង ការរាលដាលមេរោគ កូវីដ១៩ តាមផ្លូវអាកាស៕