(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មីទៀត ដើម្បីពន្លឿនគំរោងស្ថាបនាផ្លូវថ្មើរជើង និងទីតាំងតំបន់ទាក់ទាញភ្ញៀវទេសចរ ដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំងស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។
ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវថ្មើរជើងខាងលើនេះ ស្ថិតនៅតាមតំបន់មាត់ទន្លេដែលរដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរយ៉ាងម៉ត់ចត់ទៅលើការកែលំអរ និងលើកកំពស់សោភណ្ឌ ភាពរាជធានីភ្នំពេញ និងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបង្កើននូវប្រពន្ធ័ផ្លូវធ្វើដំណើរអោយកាន់តែទូលំទូលាយ ជាពិសេសផ្លូវថ្មើរជើងតាមមាត់ទន្លេ។
លោកប្រធានមន្ទីរឲ្យដឹងទៀតថា ក្រៅពីស្ថាបនាផ្លូវថ្មើរជើងនេះ យើងនៅមានគម្រោងជាដំណាក់កាលច្រើនទៀតដូចជា៖ការបង្កើតផ្សាររាត្រី ដែលលក់ដូរចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់, ផ្សារណាត់, Pub street, វិថីម្ហូបអាហារ, តំបន់ថ្មើរជើងសំរាប់ភ្ញៀវទេសចរជាដើម។
លោកថា ជាមួយគ្នានេះយើងក៏បានជជែកជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ លើការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដែលរហូត មកដល់ពេលនេះ អាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់បានមួយ ចំនួនហើយ។
លោក ឃួង ស្រេង បានឯកភាពតាមគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយចែកចេញជា៣ដំណាក់កាល ក្នុងការស្ថាបនាគំរោងមួយនេះ និងពន្លឿនការរៀបចំ និងស្ថាបនាផ្លូវថ្មើរជើងនេះឲ្យបានតាមការគ្រោងទុក។
លោកអភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានអមសងខាងទីតាំងខាងលើ ឲ្យចូលរួមសហការជាមួយអាជ្ញាធរដើម្បីពន្លឿនការងារស្ថាបនាផ្លូវថ្មើរជើងនេះ ទៅតាមគម្រោង ក៏ដូចសហការរៀបចំផលប៉ះពាល់លើគម្រោងនេះ៕