(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ឋទាំងស្នងការក្រុង អធិការខណ្ឌ និងក្រសួងមហាផ្ទៃ បានបើកយុទ្ឋនាការ ចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅតាមដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាការដាក់បារាស់ ស្ទាក់ចាប់ផាកពិន័យ ចំពោះអ្នកបើករថយន្ត និងជិះម៉ូតូទាំងឡាយ ដែលនៅបន្តល្មើសច្បាប់ និងគ្មានឯកសារគ្រប់គ្រាន់ ។
ជាក់ស្តែង នៅលើកំណាត់ផ្លូវ ជាតិលេខ១ ក្បែររោងចក្រស្រាបៀរថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កម្លាំងនគរបាលចរាចរណ៍ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលក្រសូង និងខណ្ឌជាច្រើននាក់ បានចុះអនុវត្ត និងចាប់ផាកពិន័យសម្រាប់អ្នកជិះម៉ូតូនិងរថយន្តល្មើសច្បាប់ ។
លោក ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែនសណ្តាប់ធ្នាប់ និងចរាចរណ៍បានថ្លែងថា កម្លាំងសមត្ថកិច្ចបានចុះមកស្ទាក់ចាប់អ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពមិនមានស្លាកលេខ មិនមានកញ្ចក់មើលក្រោយ និងអ្នកបើករថយន្តអត់ពាក់ ខ្សែក្រវាត់ជាដើម ។
ដោយឡែកអាជ្ញាធរតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោក អ៊ាង សុីផាន ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ និងខណ្ឌផ្សេងទៀត បានដង្ហែក្បួនយុទ្ឋនាការផ្សព្វ ផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវ គោកថ្មី ដើម្បីពញ្ញាក់ស្មារតី ដល់ប្រជាពលរដ្ឋ អោយអនុវត្តគ្រប់ៗគ្នា ៕