(ភ្នំពេញ)៖ ក្រៅពីផ្តល់ដំណោះស្រាយសេវាហិរញ្ញវត្ថុដែលផ្តល់នូវភាពរីកចម្រើន ប្រាសាក់ បានផ្តល់អគារនិងសម្ភារបរិក្ខារបណ្ណាល័យជូនដល់សិស្សានុសិស្ស ដើម្បីជាស្ពានក្នុងការបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍ សម្រាប់ពេលបច្ចុប្បន្ន និងអនាគតនៃអាជីពការងារ និងមុខរបររបស់ពួកគេ។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានឱ្យដឹងថា ប្រាសាក់ បានដាក់ចេញសកម្មភាពជាយុទ្ធសាស្រ្តលើការកសាងសមត្ថភាពសិស្សានុសិស្សនៅសាលារៀនតាមទីជនបទ ជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការសាងសង់អគារបណ្ណាល័យ បំពាក់សម្ភារបរិក្ខារ និងសៀវភៅ ព្រមទាំងការបណ្ដុះបណ្ដាលបណ្ណារក្ស។ មកដល់ពេលនេះ ប្រាសាក់ ផ្តល់អគារបណ្ណាល័យ 41 ខ្នង នៅតាមខេត្តចំនួន 13 ទូទាំងកម្ពុជា។

នាឱកាសទិវាជាតិអំណាន ថ្ងៃទី១១ មីនា នេះ លោក ក៏សូមឱ្យអគារបណ្ណាល័យដ៏ស្រស់ស្អាត ធំទូលាយ និងមានបរិយាកាសល្អទាំងនេះ ក្លាយជាឃ្លាំងទ្រព្យក្នុងការកសាងបញ្ញា ជាទីតាំងសម្រាប់សិក្សាស្រាវជ្រាវនិងនវានុវត្តន៍ និងចូលរួមចំណែកបណ្ដុះទម្លាប់អានរបស់សិស្សតាំងពីបឋមវ័យ។

ប្រាសាក់ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគម្រោងបណ្ណាល័យនេះនៅសាលារៀននានាទូទាំង 25 ខេត្តរាជធានី ដើម្បីចូលរួមលើកកម្ពស់ធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិ។

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលំដាប់ទីមួយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖

សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង សេវាហិរញ្ញវត្ថុឌីជីថល ផ្ទេរប្រាក់ ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ឬ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត ម៉ាស៊ីនដាក់ប្រាក់ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិកជាង 9,000 នាក់៕