(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអំពាវនាវប្រជាពលរដ្ឋ កុំតក់ស្លុតហួសហេតុពេក និងចូលរួមបង្ការការឆ្លងជំងឺរលាកសួត ដែលបង្កដោយមេរោគ Covid-19 ទាំងអស់គ្នា ដោយត្រូវរក្សាអនាម័យជាប្រចាំនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ត្រូវបរិភោគអាហារ ដែលចម្អិនបានត្រឹមត្រូវជានិច្ច។
ការអំពាវនាវរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសលោកចូលជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជូនចំពោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ខេត្តបន្ទាយមានជ័យ ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យ ចូលរួមថែរក្សាបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។
ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំនូវកិច្ចការសំខាន់ៗដែលត្រូវរួមគ្នាខិតខំសម្រេច ឱ្យបាននៅក្នុងឆ្នាំ ២០២០ ដូចខាងក្រោម៖
*ទី១ ៖ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ងបង្កអសន្តិសុខ ភាពចលាចល វឹកវរដល់សង្គមតាមគ្រប់រូបភាព និងត្រូវរួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាត នូវចលនាឧទ្ទាម និងសកម្មភាពបដិវត្តពណ៌។
*ទី២ ៖ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការផ្តល់សេវាសាធារណឲ្យបានល្អប្រសើរ បន្តជំរុញបំផុសចលនាប្រជាជនឲ្យចូលរួមអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀនទាំងនៅទីក្រុង និងជនបទ ក្រោមទិសស្លោក បីកុំ និងមួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីគ្រឿងញៀន។
*ទី៣ ៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសលើវិស័យកសិកម្មដែលជាវិស័យដ៏មានសក្តានុពលរបស់ខេត្ត សំដៅបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
*ទី៤ ៖ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានាមានបញ្ហាសំណង់ បញ្ហាសំរាម និងអនាម័យ បញ្ហាបរិស្ថាន និងសណ្តាប់ធ្នាប់ទីក្រុង។
*ទី៥ ៖ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់លើ ការងារសំខាន់ៗ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តក្រុង ស្រុក ត្រូវបង្កើនស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តមុខងារគ្រប់គ្រង តាមដាន ត្រួតពិនិត្យ ការផ្តល់សេវា និងគាំទ្រ ដល់ឃុំ សង្កាត់ក្នុងការអនុវត្តគម្រោងអភិវឌ្ឍនិងពង្រឹងសមត្ថភាព ដើម្បីជួយគាំទ្រ ឃុំ សង្កាត់ ក្នុងការបំពេញការងារឲ្យបានត្រឹមត្រូវស្របទៅតាម គោលការណ៍ បែបបទ និងនីតិវិធីកំណត់ជាធរមាន។
*ទី៦ ៖ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាព ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្តល់សេវានានានៅតាមអង្គភាព ច្រកចេញចូលតែមួយ ដើម្បីធានាឲ្យប្រជាពលរដ្ឋ ទទួលបានសេវាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។
*ទី៧ ៖ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ការថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើន ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមតំបន់ព្រំដែន។
*ទី៨ ៖ ក្រុមប្រឹក្សា និងគណៈអភិបាល មេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជាស្នូល ក្នុងការពង្រឹងកិច្ចដំណើរការអភិបាលកិច្ចរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ដោយត្រូវពង្រឹងនូវទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងមេឃុំ ចៅសង្កាត់ជាមួយក្រុមប្រឹក្សារបស់ខ្លួន សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយ ប្រជាពលរដ្ឋ៕