(ភ្នំពេញ)៖ ខ្វះ១៥នាទី ឆ្លងចូលឆ្នាំសកល២០១៦ កាលពីយប់មិញ ប្រធានគណបក្សអំណាច ពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា បានចេញមកប្រកាសជាធារណ: បង្ហាញស្នាដៃថោកទាប កន្លងមករបស់ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្សី និងលោក កឹម សុខា ជុំវិញការប្រព្រឹត្តអំពើថោកទាប កាត់តរូបភាពប្តូរក្បាល ដោយយកក្បាលរបស់លោកទៅដាក់លើដងខ្លួនអ្នកដទៃ ហើយបង្ហោះតាមប្រព័ន្ឋ Facebook ដើម្បីភូតភរបោកប្រាស់ ប្រជាពលរដ្ឋខ្មែរ ដែលមានចំណេះដឹងតូចទាប ។
នៅលើ Facebook របស់ខ្លួន នាវេលា១១និង៤៥នាទី យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ លោកសួន សេរីរដ្ឋា បានសរសេរយ៉ាងដូច្នេះថា "មុនដាច់ឆ្នាំចាស់ ២០១៥ ចូលឆ្នាំថ្មី ២០១៦ នេះ ខ្ញុំសូមបង្ហាញស្នាដៃថោកទាបកន្លងមក របស់ក្រុមសកម្មជន គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា ដែលពួកគេយកចំណេះបានមកពីការរៀនសូត្រ មកធ្វើអំពើរថោកទាប កាត់តរូបភាព ប្តូរក្បាល យកក្បាលរបស់ខ្ញុំ ទៅដាក់លើដងខ្លួនអ្នកដ៏ទៃ ហើយយកមក បង្ហោះតាមបណ្តាញសង្គម ដើម្បីភូតភរបោកប្រាស់ពលរដ្ឋខ្មែរ អ្នកដែលមានចំណេះ ដឹងតូចទាប ។
មនុស្សដែលរៀនសូត្រចេះដឹងមានជំនាញ តែចូលចិត្តប្រើចំណេះប្រព្រឹត្តិអំពើថោកទាប គឺក្រុមអ្នកគាំទ្រ និងជាមន្ត្រីសកម្មជនរបស់ គណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់ សម រង្ស៊ី និង កឹម សុខា ។ ពួកនេះគ្មានសមត្ថភាពជីកកកាយ ស្រាវជ្រាវរកការពិតមកបង្ហាញប្រាប់ឲ្យ ពលរដ្ឋខ្មែរបានដឹងទេ ។ ពួកនេះសមត្ថភាពធ្វើអំពើថោកទាប អង្គុយកាត់តរូបភាព យកមកបោកប្រាស់ ភូតកុហក់ពលរដ្ឋខ្មែរ ដើម្បីឲ្យពលរដ្ឋខ្មែរ យល់ច្រឡំ ហើយ ជឿខ្លួនតាមរបៀបថោកទាបរបស់ខ្លួន ។
ខ្ញុំសង្ឃឹមថា ឆ្លងផុតឆ្នាំ ២០១៥ នេះទៅ ចូលឆ្នាំ ២០១៦ មេគណបក្សសង្គ្រោះជាតិ នឹងផ្តល់ការអប់រំដល់អ្នកគាំទ្រនិងមន្ត្រីសកម្មជនរបស់ខ្លួន ឲ្យចេះប្រើចំណេះប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ និងលែងឆ្កួតលេលា អង្គុយកាត់តរូបថត យកមកបោកពលរដ្ឋ និងបំពុលសង្គមខ្មែរតទៅទៀត" ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញប្រតិកម្មភ្លាមៗ និងខ្លាំងៗ ចំពោះជនថោកទាបមួយចំនួន ដែលបានកាត់រូបភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយចាប់ហែកជើង ពេលថតរូបជាមួយចៅៗ នៅមាត់សមុទ្រ និងប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងនោះ ។ សូម្បីតែសម្តេចក៏ត្រូវជនថោកទាបទាំងនេះ កាត់ត ទៅជារូបកាំបុតដៃម្ខាងទៀតផងពេលសម្តេចថតតែម្នាក់ឯង នៅមាត់សមុទ្រនោះ។