(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហេង មករា ខណៈបក្ខពួកម្នាក់ទៀតនោះ ពេលនេះចាប់ខ្លួនបានហើយ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហឹង្សា (ឆក់ទូរស័ព្ទ) ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី បើគិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ។
បើតាមលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជាក់ថា ការកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ខណៈបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួននេះ បានអនុវត្តឡើងក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ស្ថិតនៅចំណុចផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលវេលាម៉ោង១៧៖២០នាទីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ទៀតថា ការតាមចាប់ខ្លួនជនសង្ស័យនេះដែរ គឺបានអនុវត្តទៅតាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ ៨១៩ «ឆ១» ដ.ច.ខ/១៩ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ចេញដោយ លោក ហម ម៉េងសែ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជាបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហឹង្សា (ឆក់ទូរស័ព្ទ) ស្ថិតនៅចំណុចខាងមុខផ្ទះលេខ ២៧-២៨ ផ្លូវលេខ២៦១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងផងដែរថា ជនដែលចាប់ខ្លួនបានត្រូវចោទនេះឈ្មោះ វុន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ FUKU MOTO DAISKE ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិជប៉ុន៕