(កណ្ដាល)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមន្ត្រីនគរបាលជាច្រើននាក់ផ្សេងទៀត សរុបជិត ២០នាក់ បាននាំយកថវិកា សមាគមមិត្តនគរបាល ចុះប្រគល់ជូនគ្រួសារនៃសពមន្ត្រីនគរបាលម្នាក់ នៅក្នុងខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា បានឲ្យភ្នាក់ងារ Fresh News ដឹងថា ថវិកាដែលគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តកណ្តាល ប្រគល់ជូនគ្រួសារសពមន្ត្រី១រូប គឺសពលោកអនុសេនីយ៍ទោ សេង សំណាង មន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៦៖៥៤នាទី នូវថវិការបស់លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ចំនួន២លានរៀល និងថវិការសមាគមចំនួន៨០ម៉ឺនរៀល។
កាយវិការមនុស្សធម៌នេះ ត្រូវបានក្រុមមន្ត្រីនគរបាលខេត្តកណ្ដាលទាំងអស់ បានសំដែងការរំភើបចេញពីចិត្តដែលបានឃើញថ្នាក់ដឹកនាំ, គិតគូរ , ជួយ ,យកចិត្តទុកដាក់ និងស្រលាញ់កូនចៅថ្នាក់ក្រោមយ៉ាងដូនេះ។
ក្រុមគ្រួសារសព បានសម្ដែងគារវកិច្ច និងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល, លោកស្នងការរង ក៏ដូចប្រតិភូទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃ និងសមាណចិត្តជ្រះថ្លាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ពួកគាត់ផងដែរ៕