(កំពង់ចាម)៖ លោក ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានធ្វើពិធីចែករឺម៉កកង់៣ ដឹកសំរាមចំនួន ៤គ្រឿង ដល់អាជ្ញាធរក្រុង១ ស្រុក២ ដើម្បីយកទៅសម្អាតបរិស្ថាន តាមមូលដ្ឋានរបស់ខ្លួន។ ពិធីប្រគល់ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមីនាឆ្នាំ ២០២០ នៅមន្ទីរបរិស្ថានខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងឲ្យដឹងថា រឺម៉កកង់៣ សម្រាប់ដឹកសំរាម ៤គ្រឿង ជាអំណោយដ៏ថ្លៃថ្លា តាមរយៈក្រសួងបរិស្ថាន ដែលត្រូវផ្ដល់ជូននៅពេលននោះរួមមាន៖
*១៖ មន្ទីរបរិស្ថានខេត្ត (សម្រាប់អន្តរាគមន៍ប្រមូលសំរាម) ចំនួន១គ្រឿង, *២៖ ក្រុងកំពង់ចាមចំនួន១ គ្រឿង, *៣៖ ស្រុកជើងព្រៃចំនួន ១គ្រឿង, *និង៤៖ ស្រុកចំការលើចំនួន ១គ្រឿង។
លោកអភិបាលខេត្តបន្តថា ម៉ូតូរឺម៉កកង់៣ ទាំងនេះសម្រាប់ដឹកសំរាម សំណល់រឹងទីប្រជុំ ក៏ដូចជាជួយពង្រឹងការអនុវត្តការងារគ្រប់គ្រងសំណល់រឹង សំរាម ឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹងតាម ទីប្រជុំជន។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តបានផ្ដាំផ្ញើដល់អង្គភាពដែលបានទទួលរម៉កកង់៣ ដឹកសំរាម សូមយកទៅប្រើប្រាស់ ដើម្បីប្រមូលសំរាម នៅតាមទីប្រជុំជន ក្នុងមូលដ្ឋានរបស់ខ្លួន រក្សានូវសោភ័ណ្ឌភាព ឲ្យបានល្អប្រសើរ នឹងត្រូវចេះថែរក្សាសម្ភារៈទាំងនេះ ប្រើប្រាស់ឲ្យបានយូរអង្វែងផងដែរ៕