(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាអន្ដរជាតិ នារី៨មីនា ខួបលើកទី១០៩ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានប្ដេជ្ញាចិត្តជាថ្មីម្ដងទៀតថា នឹងលុបបំបាត់ឲ្យបានដាច់ខាត ការរើសអើងយេនឌ័រ ក្នុងក្រសួងមហាផ្ទៃ ដែលនាំឲ្យមានភាពលំអៀងរវាងស្ដ្រី និងបុរស ក្នុងការវាយតម្លៃអំពីគុណភាព ការងាររបស់មន្ដ្រី។
សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យពិនិត្យលទ្ធភាព និងលក្ខខណ្ឌដើម្បីជ្រើសរើស និងតែងតាំងស្ដ្រីក្នុងមុខតំណែងដឹកនាំអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសជាប្រធានអង្គភាព និងអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនអត្រាចូលរួមរបស់ស្ដ្រីឲ្យបានសមស្រប និងលើកវិធាំនការ ដើម្បីបង្កើនចំនួនមន្ដ្រីជ្រើសរើសថ្មីជាស្ដ្រី ឲ្យបានសមស្រប។
អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងវិន័យ របៀបរបបការងារ ក្រមសីលធម៌មន្ដ្រីសាធារណៈ ក្រមសីលធម៌កងកម្លាំងនគរបាល និងក្រមសីលធម៌មន្ដ្រីពន្ធនាគារ ដោយសហការគ្នាបំពេញភារកិច្ចឲ្យបានល្អ ដើម្បីលើកតំកើនតម្លៃស្ដ្រី។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់។
បើតាមការលើកឡើងរបស់សម្ដេច ស ខេង មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំធ្វើការងារឲ្យស្មើដៃគ្នា និងខិតខំពង្រឹងសមត្ថភាព រៀនសូត្របន្ថែមទៀតនូវមុខជំនាញ ដែលបម្រើឲ្យភារកិច្ច ដែលខ្លួនទទួលខុសត្រូវដើម្បីក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកឲ្យយកចិត្ដទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់និន្នាការ ដោយមិនទុកឲ្យអ្នកណាម្នាក់ នៅក្រៅរង្វង់នៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃឡើយ៕