(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន និងក្រសួងសុខាភិបាល បានសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សាស្តីពី «សារព័ត៌មាន ចំពោះមុខ Covid-19 និងព័ត៌មានក្លែងក្លាយ»។
កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន, លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល, លោក ពុយ គា អគ្គលេខាធិការ នៃក្លឹបអ្នកកាសែតកម្ពុជា, លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ព្រមទាំងបណ្តាអ្នកសារព័ត៌មានជាតិមកពីស្ថានប័ននានាយ៉ាងច្រើនផងដែរ។
ការរៀបចំឱ្យមានកិច្ចពិភាក្សាស្តីពី «សារព័ត៌មាន ចំពោះមុខ Covid-19 និងព័ត៌មានក្លែងក្លាយ» នេះឡើងស្របពេលដែលបច្ចុប្បន្ននេះ មានបណ្តាញព័ត៌មានមួយចំនួន បានបំផុសនូវព័ត៌ក្លែងក្លាយជាច្រើនអំពីករណីវីរុសកូរ៉ូណាថ្មី ឬ Covid-19 នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យសាធារណជនទូទៅមានការភាន់ច្រឡំ ចំពោះបញ្ហានេះ។
គួរជម្រាបថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យធ្វើជាសកម្មជនប្រឆាំង នឹងព័ត៌មានក្លែងក្លាយមួយចំនួន ដែលបង្ហោះសារមិនពិតពាក់ព័ន្ធករណីថា មានមនុស្សស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ COVID-19 នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលដែលមេរោគ COVID-19 ផ្ទុះឡើងដំបូងនោះ មានការបំផុសបំផុលខ្លាំង ដែលធ្វើឱ្យម៉ាស់ឡើងថ្លៃ ប៉ុន្តែ ក្រោយមកការបំផុសបំផុលនោះ បានបាត់បង់ទៅវិញច្រើនហើយ។ អញ្ចឹងប្រជាពលរដ្ឋម្នាក់ៗមុននឹងជឿអ្វីមួយ ត្រូវដឹងខ្លួនឯងថាខ្លួន ឈឺពិតមែន ឬអត់ ហើយបើម្នាក់ៗអត់មានឈឺអីទេ និងនៅតែបន្តអនាម័យ វាគឺជារឿងល្អ។
សូមបញ្ជាក់ថា កម្ពុជា បានរកឃើញអ្នកមានជំងឺ កូរ៉ូណា ឬ Covid-19 ចំនួន៣នាក់ រួមមាន៖ ជនជាតិចិនម្នាក់ ដែលមកពីទីក្រុងវូហាន, ទី២៖ បុរសជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន និងទី៣៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបានចូលមកកម្ពុជា តាមរយៈនាវាទេសចរណ៍របស់វៀតណាម៕