(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហោះសារកោតសរសើរចំពោះបងប្អូនជនរួមជាតិខ្មែរ ដែលមានការប្រុងប្រយ័ត្នខ្ពស់ចេះអនាម័យផ្ទាល់ខ្លួន ទប់ស្កាត់ជំងឺឆ្លង Covid-19 និងជំងឺឆ្លងផ្សេងៗទៀត។
ជាមួយនឹងការកោតសរសើរនូវការចេះអនាម័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួនបំផុតផងដែរ ដោយធ្វើដំណើរទីជិតឆ្ងាយត្រូវពាក់មួយសុវត្ថិភាព និងពាក់ខ្សែក្រវាត់សុវត្ថិភាព គ្រប់ពេលបើកបរ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រើនជាងជំងឺឆ្លងទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ដែលយកចិត្តទុកដាក់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពអនាម័យផ្ទាល់ខ្លួន ជាពិសេស ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩ និងជំងឺឆ្លងផ្សេងៗទៀត។
ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួនបំផុតដែរ គឺត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវាត់សុវត្ថិភាព ពេលបើកបរគ្រប់ពេលជានិច្ច។ ព្រោះគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រើនជាងជំងឺឆ្លងទៅទៀត។
សូមជូនពរបងប្អូនមានសុខភាល្អ និងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ ជិតឆ្ងាយនៅទូទាំងប្រទេស។ អរគុណសន្តិភាព»៕