(ស្វាយរៀង)៖ ដូនចាស់ពិការដ៏កម្សត់ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលគាត់បានយកសំរាមទៅដុតនៅវាលស្រែ តែចៃដន្យភ្លើងក៏ឆេះរាលដាល់ដល់ខ្លួនឯងរហូតដល់ស្លាប់។ ដូនចាស់រងគ្រោះមានឈ្មោះ មាស ហេង អាយុ៧២ឆ្នាំ។
ហេតុការណ៍នេះបានកើតឡើងនារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង។
នគរបាលស្រុកស្វាយទាប បានឱ្យដឹងថា នៅពេលឃើញភ្លើងឆេះ អ្នកភូមិនាំគ្នាជួយពន្លត់ និងជួយសង្គ្រោះលោកយាយពិការ ប៉ុន្តែហួសពេលទៅហើយ ដោយគាត់ត្រូវភ្លើងឆេះខ្លោចស្លាប់បាត់បង់ជីវិតទៅហើយ។
សមត្ថកិច្ចបានបន្តថា តាមការពិនិត្យសាកសពរបស់ជំនាញសមត្ថកិច្ច និងលោកវេជ្ជបណ្ឌិត ភោគ ចរកា គ្រូពេទ្យបង្អែកស្វាយទាប សន្និដ្ឋានថាសាកសពស្លាប់ដោយសារភ្លើងឆេះហើយគាត់ពិការផង។ សាកសពលោកយាយត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕