(សៀមរាប)៖ ខេត្តសៀមរាប​ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១៥ម៉ឺននាក់ ទៅចូលរួមអបអរសាទររាត្រីឆ្លងឆ្នាំចាស់ ២០១៥ ផ្លាស់ចូលឆ្នាំ២០១៦ យប់មិញនេះ។ រាត្រីឆ្លងឆ្នាំនេះ លោក ឃឹម ប៊ុន​ អភិបាលខេត្តសៀមរាប រួមនិងមន្រ្តីថ្នាក់ដឹកនាំខេត្តជា ច្រើនរូបផ្សេងទៀត បាននាំគ្នាចូលរួមរីករាយជាមួយប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរនៅតាមដងវិថីនានាផងដែរ។

ក្នុងឱចូលរួមរាត្រីឆ្លងឆ្នាំនេះ លោកអភិបាលខេត្ត បានចុះជជែកកម្សាន្តប្រកបដោយភាពរីករាយជាមួយប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ នៅទីកន្លែងមួយចំនួន ដូចជា ផាប់ស្រ្ទីត (Pub Street) តំបន់ផ្សារចាស់ ផ្សាររាត្រី សួនច្បារខាងមុខព្រះរាជដំណាក់ តំបន់អង្គរ-ឃ្យុងយូ និងទីតាំងសំខាន់ៗមួយចំនួនទៀត។

ពិធីឆ្លងឆ្នាំនៅក្នុងខេត្តសៀមរាប ត្រូវបានគេរៀបចំឡើងយ៉ាងអឹកធឹក ជាមួយការរៀបចំតុបតែងលំអនៅតាមដងផ្លូវនានា ទៅដោយភ្លើង ពណ៌ចម្រុះ ជាពិសេសនៅតាមដងវិថី Pub Street ផ្សាររាត្រី និងផ្សារចាស់ ត្រូវបានកកកុញទៅដោយភ្ញៀវជាតិ និងអន្តរជាតិ ប្រកប ដោយភាពសប្បាយរីករាយជាទីបំផុត។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News ថា ទោះបីពិធី ឆ្លងឆ្នាំសកលនេះ ពុំមែន ជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរក៏ពិតមែន តែវាបានផ្ដល់ឱកាសជូនពលរដ្ឋខ្មែរ ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ បានចូលរួមសប្បាយ រីករាយ លំហែកម្សាន្ត ជួបជុំគ្រួសារ មិត្តភក្តិ រាំ ច្រៀង ទស្សនាសិល្ប: របាំ ការប្រគំដន្រ្តី ជប់លៀងជាដើម ។ ពិធីនេះបានចូលរួមយ៉ាង សំខាន់ក្នុងការលើកកម្ពស់គោលនយោបាល និងធានាឲ្យបាននូវនិរន្តរភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា។

លោក ង៉ូវ សេងកាក់ បានបន្តថា នៅក្នុងរាត្រី​ឆ្លងឆ្នាំយប់មិញនេះ ខេត្តសៀមរាប ទទួលបានភ្ញៀវអន្តរជាតិជាង ២ម៉ឺន ៨ពាន់នាក់ ភ្ញៀវ ជាតិប្រមាណជា ៨ម៉ឺននាក់ និងអ្នកសៀមរាបផ្ទាល់ ប្រមាណជា ៤ម៉ឺននាក់។

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានផ្ដល់បទសម្ភាសដល់អ្នកព័ត៌មាននៅតំបន់ផាប់ស្រ្ទីត ខេត្តសៀមរាប ជាខេត្តទេស ចរណ៍ដ៏ធំរបស់កម្ពុជា ដូច្នេះរាល់ឆ្នាំការរៀបចំសោភណ្ឌភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់ ជាកក្ដាចាំបាច់ របស់គណៈបញ្ជាការឯកភាព ខេត្ត គឺត្រូវតែធានាសុវត្ថិភាពឲ្យបាន ១០០% សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ។ សម្រាប់បុណ្យឆ្លងឆ្នាំនេះ ភ្ញៀវជាតិ និង អន្តរជាតិ ដែលបានចូលរួមកើនជាងឆ្នាំទៅ។

លោកបញ្ជាក់ថា គណៈអភិបាលខេត្តសៀមរាប រួមជាមួយអាជ្ញាធរ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា បានចូលរួមសហការជាមួយ គ្រប់ប្រតិបត្តិករទេសចរ ដែលក្នុងនោះមានសណ្ឋាគារ ផ្ទះសំណាក់ ភោជណីយដ្ឋាន គ្រឹះស្ថាន មណ្ឌលទេសចរណ៍ មណ្ឌលកម្សាន្ត បានរួមគ្នា រៀបចំតុបតែង តាមទីសាធារណៈ តាមដងផ្លូវសំខាន់ៗ ផ្លូវជាតិលេខ៦ ខាងមុខព្រះរាជដំណាក់ និង ព្រះអង្គចេក ព្រះអង្គចម ផ្លូវស៊ីវត្ថា ផាប់ស្រ្ទីត (Pub Street) ផ្សារចាស់ ផ្សាររាត្រី តាមមាត់ស្ទឹង តាមស្ពាន មានការរៀបចំលម្អ តុបតែង រចនាភ្លើង ផ្កាភ្ញី កូនឈើ រូបភាព និងរបស់របរលម្អទេសភាព សោភណភាព គួរជាទីទាក់ទាញ និង ចាប់អារម្មណ៍ ផងដែរ ។

ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ក្នុងនាមអភិបាលខេត្ត បានបួងសួង បន់ស្រន់ ចំពោះបារមីព្រះអង្គចេក ព្រះអង្គចម បារមី នៃវត្ថុ ស័ក្តិសិទ្ធនានានៅតំបន់អង្គរ និងវត្ថុស័ក្ដិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា និង ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន ចំពោះ ប្រជាពលរដ្ឋខ្មែរទូទៅ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំទាំងអស់ ឲ្យជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ៕